កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមជាមួយក្រុមការងារ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១នេះ បានបន្តនាំ អំណោយ ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ក្នុងស្រុកព្រៃឈរ ដែលកំពុងជួបការខ្វះខាត ក្នុងកំឡុងពេលការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា នៅក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងជីវភាពប្រជាពលរដ្ឋគ្រប់ទីកន្លែង គ្រាន់តែនៅតំបន់ខ្លះមានចំនួនច្រើន និងតំបន់ខ្លះទៀតមានចំនួនតិច ។ ប៉ុន្តែទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត បានខិតខំកៀងគរ រកជំនួយពីសប្បុរសជននានា ដើម្បីបានជាអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា យកមកផ្តល់ជូន ដល់បងប្អូន ប្រជាពលរដ្ឋដែលជួបការខ្វះខាត។
លោកអភិបាលខេត្តបន្តថា នៅក្នុងស្រុកព្រៃឈរ ជាតំបន់មួយដែលមានបងប្អូនធ្វើការ នៅតាមរោងចក្រច្រើន នៅក្នុងស្រុកជើងព្រៃ ដែលការឆ្លងកាត់នេះ ក៏ជាប្រការនាំជំងឺមកចម្លង ក្នុងសហគមន៍ផងដែរ ។ ប៉ុន្តែកន្លងមកនេះ ក្រោមការខិតខំប្រឹងប្រែង របស់អាជ្ញាធរមានសមត្ថកិច្ច បានទប់ស្កាត់កាត់ផ្ដាច់ នូវខ្សែចម្លងនៃជំងឺនេះ ចូលក្នុងសហគមន៍ បានទាន់ពេលវេលា ។ ប៉ុន្តែអ្វីដែលជាដំណោះស្រាយល្អបំផុតនោះ គឺ ប្រជាពលរដ្ឋយើង ត្រូវរួមគ្នាការពារ ធ្វើយ៉ាងណា កុំឲ្យមានជំងឺនេះ ឆ្លងបន្តទៅទៀត គឺមានតែនាំគ្នាទៅចាក់វ៉ាក់សាំងទេ ដែលអាចការពារជំងឺកូវីដនេះបាន នឹង ត្រូវអនុវត្តអោយ បានខ្ជាប់ខ្ជួននូវវិធានការ (៣ការពារ ៣កុំ) ដែលជាអាវក្រូសដ៏សំខាន់ ក្នុងការការពារ កុំអោយឆ្លងជំងឺកូវីដ១៩ នេះ៕