ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ ឧត្តមសេនីយ៍ឯក ចាន់ សុភក្ត្រា នាយរងសេនាធិការចម្រុះ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំង ខេត្តព្រះសីហនុ និងក្រុមការងារខេត្ត នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានបន្តចុះពិនិត្យការងារចាក់វ៉ាក់សាំងដូសទី២ នៅអនុវិទ្យាល័យ សាគូរ៉ា ។
កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំង ដូសទី២ ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ ចំនួន ៣ទីតាំងមានដូចជា៖ សាលាអនុវិទ្យាល័យ សាគូរ៉ា សាលាអនុវិទ្យាល័យ សម្តេចឪ និងសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានសំណូមពរយ៉ាងទទូច ដល់សមាជិកក្រុមការងារទាំងអស់ ពេលបំពេញបេសកកម្មចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត តាមបណ្តាគោលដៅ ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវបំផុត តាមវិធានការការពារខ្លួន ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល៕