បរទេស៖ រដ្ឋមន្រ្តីបោះឆ្នោតប្រទេសហៃទី លោក Mathias Pierre បានប្រកាសនៅថ្ងៃសុក្រថា រដ្ឋាភិបាលហៃទីបានស្នើសុំឱ្យ សហរដ្ឋអាមេរិក ដាក់ពង្រាយកងទ័ពទៅកាន់ ប្រទេសកោះនេះ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បន្ទាប់ពីរដ្ឋបាលលោក Biden បានផ្តល់ជំនួយដល់ប្រទេសនេះ ក្រោយពីការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moïse។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីរាត្រីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មុននេះទាំងមន្រ្តីអាមេរិកនិងហៃទី បានប្រាប់អ្នកយកព័ត៌មានថា ពួកគេមិនអាចបញ្ជាក់បានថាតើសំណើបែបនេះត្រូវបានធ្វើឡើងឬអត់នោះទេ ប៉ុន្តែនៅរសៀលថ្ងៃសុក្រ លោក Mathias Pierre បានប្រាប់កាសែត New York Times ថា “ភេរវករនៅតាមទីក្រុង” ដូចជាអ្នកដែលបានបាញ់សម្លាប់ប្រធានាធិបតីរហូតដល់ស្លាប់ នៅក្នុងផ្ទះរបស់គាត់ កាលថ្ងៃពុធ បានបង្កគ្រោះថ្នាក់ជាបន្ត ចំពោះទ្រព្យសម្បត្តិស៊ីវិល។
លោកបន្តថា “ ក្រុមដែលផ្តល់ហិរញ្ញប្បទាន ដល់ទាហានស៊ីឈ្នួល ចង់បង្កភាពវឹកវរក្នុងប្រទេស” ។ ការវាយលុកទៅលើការបំរុងហ្គាស និងព្រលានយន្តហោះ អាចជាផ្នែកមួយនៃផែនការ។ កងទ័ពក៏នឹងត្រូវបានស្នើឱ្យការពារកំពង់ផែ ព្រលានយន្តហោះ និងកន្លែងថាមពលផងដែរ។
ក្រោយមក លោក Pierre បានប្រាប់ CNN ថា ការស្នើសុំនេះគឺសម្រាប់ចំនួនកងទ័ពមានកំណត់ – ប្រមាណ ៥០០ នាក់៕
ប្រែសម្រួលៈ ណៃ តុលា