ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីគុយបា ចោទអាមេរិក​ថា​ ជាអ្នកព្យាយាម​បង្កភាពវឹកវរសង្គម លើប្រទេសដី កោះមួយនេះ

ហាវាណា៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានព្យាយាមបង្កភាពវឹកវរសង្គម នៅលើកោះនេះ ដែលជាកន្លែងដែលអំពើហឹង្សា បានកើតឡើង នៅក្នុងទីក្រុងជាច្រើន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

ប្រធានាធិបតី ដែលកាលពីថ្ងៃអាទិត្យ បានអំពាវនាវ ដល់អ្នកស្មោះត្រង់ “ឱ្យដើរតាមផ្លូវ ដើម្បីការពារបដិវត្ត” បានបង្ហាញខ្លួនជាថ្មីម្តងទៀត នៅលើប៉ុស្តិ៍វិទ្យុ និងទូរទស្សន៍ជាតិ អមដោយសមាជិក គណៈរដ្ឋមន្រ្តីរបស់លោក និងអ្នកនយោបាយ នៃបក្សកុម្មុយនីស្តគុយបា (PCC) ។

លោក Diaz-Canel បានលើកឡើងថា លោកកំពុងធ្វើដំណើរ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ តាមរលកធាតុអាកាស “ដើម្បីបញ្ជាក់ថាផលប្រយោជន៍ នៃក្រុមទាំងមូលនៅក្នុង ប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ បានព្យាយាម ធ្វើឱ្យខូចដល់ការងារ របស់រដ្ឋាភិបាល ធ្វើឱ្យខូចដល់ការងារបដិវត្ត” ។

លេខាធិការទីមួយ នៃគណៈកម្មាធិការកណ្តាល PCC បានលើកឡើងថា ការបង្ហាញខ្លួនរបស់លោក ត្រូវបានគេគ្រោងជាច្រើនថ្ងៃ ដើម្បី “ផ្តល់ព័ត៌មាន” ដល់ប្រជាជន អំពីស្ថានភាពនៅក្នុងប្រទេស ដែលកំពុងខ្វះខាត ស្បៀងអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈ។

លោក Diaz-Canel បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានព្យាយាម បង្កភាពវឹកវរក្នុងសង្គម នៅក្នុងប្រទេសគុយបា នៅពេលដែលប្រទេសនេះ កំពុងជួបប្រទះ នូវការផ្ទុះជំងឺកូវីដ-១៩ អាក្រក់បំផុតរបស់ខ្លួន។

លោកបានលើកឡើង ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយការរាតត្បាត ជាពិសេសនៅខេត្ត Matanzas ភាគខាងលិច ដែលបានក្លាយជាចំណុចកណ្តាល នៃការផ្ទុះឡើងនៃជំងឺនេះ នៅក្នុងប្រទេសគុយបា៕

ដោយ ឈូក បូរ៉ា

To Top