ព័ត៌មានជាតិ

លោក ផៃ ស៊ីផាន ៖ ក្នុងឧបទ្ទវហេតុណាមួយ កុំផ្សាយព័ត៌មាន ផ្សារភ្ជាប់បុគ្គល ទៅនឹងស្ថាប័ន (Video)

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបែងចែកឲ្យដាច់ ក្នុងករណីមានឧបទ្ទវហេតុណាមួយ ដែលជាបញ្ហារបស់បុគ្គល កុំផ្សាយផ្សារភ្ជាប់បុគ្គលនោះ ទៅនឹងស្ថាប័ន ដែលពួកគេធ្វើការ ។

ការមិនឲ្យផ្សារភ្ជាប់បុគ្គល និងស្ថាប័ននេះ ត្រូវបានលោក ផៃ ស៊ីផាន អះអាងថា ធ្វើឲ្យប៉ះពាល់ និងសេចក្ដីថ្លៃថ្នូ របស់អង្គភាព-ស្ថាប័ន ដែលមានកាតព្វកិច្ចត្រូវបំពេញ ការងាររបស់រាជរដ្ឋាភិបាល។

តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកនថ្ងៃ១៣ កក្កដា នេះ លោក ផៃ ស៊ីផាន បានឲ្យដឹងថា តាមការអង្កេត របស់លោកកន្លងមក តែងតែឃើញមានការ ផ្សព្វផ្សាយព័ត៌មាន ស្ដីពី ឧបទ្ទវហេតុណាមួយ ដែលជាបញ្ហាបុគ្គល ដោយផ្សារភ្ជាប់ ទៅនឹងតួនាទី ឬមុខងារនៅក្នុង អង្គភាព-ស្ថាប័ន សាធារណៈ ដែលជាហេតុធ្វើឲ្យប៉ះ ពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូ របស់អង្គភាព-ស្ថាប័ន ដែលមានកតព្វកិច្ចត្រូវបំពេញ ការងាររបស់រាជរដ្ឋាភិបាល ។

លោកថា ដ្បិតថា សកម្មភាពរបស់បុគ្គលនោះ ពុំមានពាក់ព័ន្ធនឹងអង្គភាព-ស្ថាប័ន។

លោក ផៃ ស៊ីផាន បន្តថា “លើសពីនេះទៀតសោត ចំពោះការផ្សព្វផ្សាយ មួយចំនួនទៀត ថែមទាំងបានដាក់បន្ទុកបុគ្គល បង្កហេតុហួសពីបទចោទ របស់សមត្ថកិច្ចជំនាញ (នគរបាល ឬតុលាការ) ដែលជាការរំលោភលើសិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលផងដែរ ។ អាស្រ័យហេតុដូចនេះ ជាសំណូមពរ សូមអ្នកសារព័ត៌មានមេត្តាបែងចែកឲ្យដាច់ ក្នុងការផ្សព្វផ្សាយរវាងរឿង បុគ្គលភាព និងអង្គភាព ឬស្ថាប័ន “៕

To Top