ព័ត៌មានជាតិ

សមាគមអ្នកសារព័ត៌មាន​ កម្ពុជា-ចិន ចែកអំណោយឲ្យអ្នកព័ត៌មានជួបបញ្ហាកង្វះខាត អំឡុងពេលជំងឺកូវីដ (Video)

ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ បានរៀបចំពិធីចែកអំណោយ ជូនដល់អ្នកសារព័ត៌មានកម្ពុជាដែលជួបប្រទះ កង្វះខាតជីវភាព ចំនួន៣០នាក់ ក្នុងអំឡុងពេលប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩នៅទីស្នាក់ការកណ្តាល សសកច អគារ សមាគមសម្ព័ន្ឋខ្មែរចិន នៅកម្ពុជា បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នាឱកាសនោះ លោក សយ សុភាព សហប្រធានភាគីកម្ពុជា បានថ្លែងទៅកាន់អង្គពិធី ដោយបានសាកសួរសុខទុក្ខ ដល់អ្នកសារព័ត៌មាន ។ លោកថា ទោះបីជាអំណោយចែកជូននៅគ្រានេះមិនមានចំនួនច្រើនក្តី ប៉ុន្តែបានរួមចំណែកជួយការលំបាកខ្លះៗ ដល់អ្នកសារព័ត៌មានក្នុងអំឡុងពេលនេះ។

ដោយឡែក លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន បានថ្លែងចាប់អារម្មណ៍ផងដែរថា ការចែកជូន នាពេលនេះ គឺទៅតាមធនធានដែលសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ស្នើសុំជំនួយពីសប្បុរសជននានា ដែលបានឧបត្ថម្ភដល់ដំណើរការនាពេលនេះ។

លោកក៏បានបេ្តជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្វែងរកមូលនិធិ ដើម្បីចែកជូនដល់អ្នកសារព័ត៌មានខ្មែរឲ្យបានកាន់តែច្រើនថែមទៀតនាពេលអនាគត។ លោកក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានថែរក្សាសុខភាព និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាមួយក្រសួងសុខាភិបាល ។

សូមជម្រាបជូនថា សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច-CCJA) នឹងរៀបចំពិធីចែកអំណោយ ជូនអ្នកកាសែត ចំនួន ៧០នាក់ ផ្សេងទៀត នាថ្ងៃទី១៩ និងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដែលទាំង៣លើកតាមការបរិច្ឆេទនេះ មានចំនួនសរុប ១០០នាក់។ សសកច ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជននានាដែលបានឧបត្ថម្ភគាំទ្រ ចំពោះសកម្មភាពមនុស្សធម៌នាពេលនេះ ៕

To Top