ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កូនព្យុះថ្មីទី៧ ឈ្មោះ សេមប៉ាកា «CEMPAKA» ដែលកើតមាន នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះ ចូលទៅភាគខាងត្បូង ប្រទេសចិន បណ្តាលឲ្យកម្ពុជា មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំខ្យល់កន្រ្តាក់ ក្នុងកម្រិតខ្លាំង ចាប់ពីថ្ងៃទី ១៩-២២ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ។
យោងតាមសេចក្ដីជូនដំណឹង នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីធ្វើការ តាមដាន ការវិវត្តស្ថានភាព អាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់ បានបង្ហាញឲ្យឃើញថា ព្យុះទី ៦ ឈ្មោះ “IN-FA” ដែលកើតនៅលើសមុទ ប៉ាស៊ីហ្វិក នាថ្ងៃទី១៩ កក្កដា នេះ បានវិវត្តន៍ទៅជាព្យុះទីហ្វុង និងដើរតម្រង់ឆ្ពោះ ទៅខាងកើតប្រទេសចិន ។
ក្រសួងបន្ដថា នាថ្ងៃទី១៩ កក្កដា នេះ មានវិសម្ពាធមួយ ដែលស្ថិតនៅក្នុងសមុទ្រចិនគៀក នឹងហុងកុង បានបង្កើនឥទ្ធិពលទៅជាកូនព្យុះថ្មីទី ៧ ឈ្មោះ សេមប៉ាកា “CEMPAKA” នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះចូលទៅភាគ ខាងត្បូងប្រទេសចិន។
ក្រសួងថា យោងតាមការព្យាករ ជ្រលងនៃកូនព្យុះ សេមម៉ាកា “CEMPAKA” រួមជាមួយខ្យល់មូសុងនិរតីខ្លាំង ដោយភ្ជាប់ជាមួយប្រព័ន្ធសម្ពាធទាប់ ITCZ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២១ មានស្ថានភាព ដូចជា ៖
ទី១-បណ្តាខេត្តនៅតំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង ។
ទី២- បណ្តាខេត្តនៅតាមតំបន់ដងទន្លេមេគង្គ, ជួរភ្នំដងរែក និងជួរភ្នំក្រវាញ នឹងអាចមាន ភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង ។
និងទី៣-តំប៉ន់មាត់សមុទ នឹងអាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ដែលនឹងអាចបង្កជាជំនន់ ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ និងខេត្តកោះកុង ។ នៅលើផ្ទៃសមុទ្រ នឹង អាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
ជាងនេះទៅទៀត ក្រសួងធនធានទឹក និងឧតុនិយម ក៏បានណែនាំដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ តាមសមុទ្រទាំងអស់ ត្រូវបង្កើនការ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ ។ ក្រសួងបាននិងកំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ៕