ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន ប្រាប់ពលរដ្ឋកុំផ្ញើថវិកា ១ដុល្លារ ទៅហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកកាទេវរាជ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានប្រាប់ប្រជាពលរដ្ឋថា កុំឲ្យផ្ញើថវិកា១ដុល្លារ ទៅហ្វេកប៊ុកឈ្មោះ «ស្លាបប៉ាកកាទេវរាជ» ព្រោះជាល្បិចសម្រាប់ប្រមូលថវិការបស់ខ្លួន ខណៈការចាក់វ៉ាក់សាំងមិនគិតថ្លៃឡើយ ។

ការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងសុខាភិបាលបែបនេះ ក្រោយមានហ្វេសប៊ុកមួយឈ្មោះ ស្លាបប៉ាកកាទេវរាជ បានបង្ហោះថា «ការចាក់វ៉ាក់សាំងយកកាត គឺជាការរៀបគម្រោង ប្លន់អាយុជីវិតប្រជាជនខ្មែរ របស់រាជរដ្ឋាភិបាល សូមឧបត្ថម្ភម្នាក់១ដុល្លារ ដើម្បីជីវភាពរស់តាមរយៈ លេខ ABA 500 013 244»។

ក្នុងឱកាសយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន១០លានរៀល និងសម្ភារជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី៦លាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «សូមបងប្អូនកុំជឿ នេះគឺល្បិចសម្រាប់ប្រមូលលុយ ។ ចឹងប្រសិនឃើញលេខ 500 013 244 សូមកុំទាក់ទងឲ្យសោះ បើតេរកបងប្អូនបិទ ហើយបងប្អូនក៏មិនត្រូវទាក់ទង ហើយបញ្ជូនលុយទៅអាខោននេះដែរ (អាខោនឈ្មោះ ស្លាបប៉ាកកាទេវរាជ) នេះគឺជាប្រមូលថវិកាពីបងប្អូនប្រជាពលរដ្ឋ»។

លោកស្រីបន្ដថា គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏បានច្រានចោលទាំងស្រុង ចំពោះការផ្សាយហ្វេសប៊ុកឈ្មោះ ស្លាបប៉ាកកាទេវរាជ ។ លោកស្រីប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន គឺមិនគិតថ្លៃឡើយ បើសិនមានបុគ្គលណា ស្នើសុំថវិកាពីប្រជាពលរដ្ឋ កុំផ្ដល់ថវិកាឲ្យសោះ ជាពិសេសនោះ ត្រូវរាយការណ៍សមត្ថកិច្ចភ្លាមៗ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ៦,០៦១,៣០៥នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន៦០.៦១% ហើយ៕

To Top