ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រឆាំង បេឡារុស ស្នើឲ្យបង្កើន សម្ពាធលើរដ្ឋាភិបាល ក្នុងដំណើរទស្សនកិច្ច នៅអាមេរិក

បរទេស ៖ មេដឹកនាំប្រឆាំង នៃប្រទេសបេឡារុស លោកស្រី Sviatlana Tsikhanouskya តាមសេចក្តី រាយការណ៍ បានស្នើឲ្យសហរដ្ឋអាមេរិក បង្កើនការដាក់សម្ពាធ លើរដ្ឋាភិបាល របស់លោកប្រធានាធិបតី Alexander Lukashenko នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ។

លោកស្រី Sviatlana Tsikhanouskya នៅថ្ងៃអង្គារ បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Jake Sullivan ដែលប្តេជ្ញាថា រដ្ឋបាលលោក បៃដិន នឹងបន្តជំរុញឲ្យមានការ ស៊ើបអង្កេតមួយ ចំពោះការបង្ខំឲ្យយន្តហោះស៊ីវិល មួយគ្រឿងចុះចត ធ្វើឡើងដោយរដ្ឋាភិបាល បេឡារុស ដើម្បីចាប់ខ្លួនអ្នកសារព័ត៌មាន ប្រឆាំងមួយរូប ។

ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក បានបង្ហាញនូវការគាំទ្រ របស់អាមេរិក សម្រាប់ការតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសបេឡារុស និងការប្តេជ្ញាធ្វើឲ្យលោក Lukashenko ទទួលខុសត្រូវ ចំពោះទង្វើរបស់រដ្ឋាភិបាលរបស់លោក ។

យោងតាមសេដចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី Sviatlana Tsikhanouskya បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រ ក្រោយជំនួបគ្នានោះថា លោកស្រីសូមថ្លែងអំណរគុណ ចំពោះសហរដ្ឋអាមេរិក សម្រាប់ការផ្តោតគោលជំហរដ៏សំខាន់លើ វិបត្តិក្នុងប្រទេសបេឡារុស ៕ ប្រែសម្រួល៖ប៉ាង កុង

To Top