ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ក្នុងខែសីហា វ៉ាក់សាំង៣លានដូស ខែកញ្ញាវ៉ាក់សាំង២លានដូសទៀត នឹងមកដល់កម្ពុជា ដើម្បីត្រៀមចាក់ជូនក្មេងៗ នាពេលខាងមុខនេះ ។
ក្នុងឱកាសទទួលវ៉ាក់សាំងចំនួន១លានដូស នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោកស្រី យក់ សម្បត្តិ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជាត្រៀមវ៉ាក់សាំង៥លានដូសដែលបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ សម្រាប់ចាក់ជូន ក្មេងៗ។
លោកស្រីបញ្ជាក់ថា «ខែ៨ យើងនឹងមានស៊ីណូវ៉ាក់៣លានដូសទៀត ខែ៩ យើងនឹងមានស៊ីណូវ៉ាក់ ២លានដូស សម្រាប់ត្រៀម៥លានហ្នឹង សម្រាប់ចាក់ជូនក្មេងៗ ដែលសម្ដេចតេជោ លោកកំពុងតែណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំង ក៏ដូចជា ក្រុមការងារចំពោះកិច្ច នៃការធ្វើលទ្ធកម្មវ៉ាក់សាំង»។
លោកស្រីបន្ដថា «យើងនឹងមានវ៉ាក់សាំង Johnson & Johnson ទៀត ដែលនឹងមកប្រហែល១លានដូស »។
លោកស្រីរដ្ឋលេខាធិការ ក៏បានលើកឡើងថា វ៉ាក់សាំង Johnson & Johnson មកកម្ពុជា នាពេលមុខនេះ តាមរយៈយុទ្ធការពីកូវ៉ាក់ (COVAX)។ លោកស្រីបញ្ជាក់ថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ប្រជាពលរដ្ឋរបស់ខ្លួន និងជនបរទេសដែលស្នាក់នៅកម្ពុជា។ លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្ដអនុវត្តវិធានការ ៣ការពារ ៣កុំ ទោះបី វ៉ាក់សាំងរួចក៏ដោយ។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសចំនួន ៦,៣៣៤,៣៧៨នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៣.៣៤% ៕