ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ជ្រូកពោន ឬជ្រូកព្រុល បច្ចុប្បន្នកំពុងរងគ្រោះដោយការបរបាញ់ ដាក់អន្ទាក់ ដើម្បីយកសាច់ និងយកសំណាកធ្វើអាជីវកម្ម ដោយសារប្រជាពលរដ្ឋមួយចំនួនជឿថា ខ្លាញ់វាអាចយកធ្វើថ្នាំបុរាណ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានថ្លែងថា ជ្រូកពោន ជាប្រភេទសត្វស្ថិតក្នុង ក្រុមមានដោយកម្រស្ថិត ក្នុងបញ្ជីក្រហម IUCN ថា ជាប្រភេទងាយរងគ្រោះ បន្តមានវត្តមាននៅកម្ពុជាជាមួយ ប្រភេទសត្វកម្រៗផ្សេងទៀត ដូចជា ៖ សត្វដំរី ខ្ទីង ទន្សោង ឈ្លូសយក្ស ខ្លារខិន ខ្លាពពក ជាដើម។
លោកបន្ដថា កម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ ជាប្រទេសសម្បូណ៍ដោយជីវៈចម្រុះ ក្នុងនោះ សរុបប្រមាណ ៣៩៩៣ ប្រភេទ រួមមាន ៖ មានរុក្ខជាតិប្រមាណ ២ ៣០០ប្រភេទ និងប្រភេទសត្វ ដូចជា ថនិកសត្វ ១២៣ប្រភេទ, សត្វស្លាបប្រមាណ, ៥៤៥ប្រភេទ ឧរង្គសត្វ, ៨៨ប្រភេទ, ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ។ ចំនួននេះអាចកើនឡើងបន្ថែមទៀត ដោយសារតែនៅមានជីវៈចម្រុះជាច្រើនទៀត ដែលមិនទាន់បានសិក្សាអស់នៅឡើយ។
លោកបន្ថែមថា ក្រុមការងារជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមាននៃប្រភេទជ្រូកពោននៅ តំបន់ការពារធម្មជាតិរបស់កម្ពុជា តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ។ លោកថា នេះគឺជាមោទកភាពរបស់កម្ពុជា និងស័ក្តិសមដែលពិភពលោកទទួលស្គាល់ ជាប្រទេសសម្បូណ៍ដោយធនធានជីវៈចម្រុះ។
លោកបញ្ជាក់ថា «មិនមានការសិក្សាឲ្យបានលម្អិតពីចំនួន សត្វជ្រូកពោននៅលើពិភពលោក និងនៅកម្ពុជានោះទេ តែអ្វីដែលកត់សម្គាល់ ជ្រូកពោនមាននៅតាមតំបន់ព្រៃ ធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឥសាន និងភាគខាងជើងប្រទេសកម្ពុជា។ របាយប្រជាសាស្ត្ររបស់សត្វជ្រូកពោន ក៏មានផងដែរនៅប្រទេសចិន កម្ពុជា ភូមា វៀតណាម និងកោះស៊ូមាត្រាប្រទេសឥណ្ឌូនេស៊ី»។
លោកបន្តទៀតថា «ជ្រូកពោនបច្ចុប្បន្នកំពុងរងគ្រោះ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ ដើម្បីយកសាច់ និងយកសំណាកធ្វើអាជីវកម្មដោយ សារតែពលរដ្ឋមួយចំនួនមានជឿថា ខ្លាញ់ជ្រូកពោនអាចយក ទៅធ្វើថ្នាំបុរាណជាដើម» ។
លោករដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជា ឲ្យនៅស្ថិតស្ថេរសម្រាប់អនាគត និងកូនចៅទាំងអស់។
យោងតាមការសិក្សារបស់អ្នកជំនាញ ជ្រូកពោនមានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០ម.ម ទម្ងន់ពី៧-១៤ គីឡូក្រាម កន្ទុយមានប្រវែងចន្លោះពី ១២០-១៧០ម.ម ជើងក្រោយ ១១៥-១៣៤ម.ម។ វាជាសត្វដែលមានមាឌធំ ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងទ្រវែងដូចសត្វជ្រូក។ ជាទូទៅវាមានសម្បុរលឿងខ្ចី ប្រផេះ ឬខ្មៅ ដែលប្រែប្រួលទៅតាមរដូវកាល ផ្នែកលើខ្នងមានពណ៌ក្រម៉ៅ ជាងផ្នែកខាងក្រោម។ នៅលើក្បាលមានឆ្នូតពណ៌ចេញពី ត្រចៀកកាត់តាមភ្នែក្រហូតដល់ចុងច្រមុះ និងមានឆ្នូតខ្មៅនៅសង្ខាងភ្នែកដល់ត្រចៀក បន្ទាប់មកមានឆ្នូតសកាត់ តាមថ្ពាល់ផ្នែកខាងលើ។ ទ្រូងនិងត្រចៀកមានពណ៌ស។ លក្ខណៈជីវសាស្ត្រ៖ ជ្រូកពោនជាសត្វរស់នៅតែនៅលើដី តាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ សត្វជ្រូកពោនមិនសូវពូកែភ្នែក និងត្រចៀកទេ វាប្រើច្រមុះហិតក្លិនច្រើនជាង។ ការរកចំណី ចាប់ផ្តើមចេះនៅពេលព្រលប់ដែល អាហាររបស់វាគឺមើមរុក្ខជាតិ ឬសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។ វាអាចមានកូនពី ២ ទៅ៣ក្បាល៕