Covid-19

អាមេរិក រិះគន់ចិន ចំពោះការធ្វើឲ្យច្របូកច្របល់ផែនការរបស់ WHO សម្រាប់ការស៊ើបអង្កេត​ ប្រភពដើមជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិក បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះប្រទេសចិន លើការច្រានចោលសំណើរបស់អង្គការសុខភាពពិភពលោក សម្រាប់ដំណាក់កាលទីពីរនៃការស៊ើបអង្កេតលើប្រភពដើមនៃវីរុសកូវីដ-១៩ នេះដោយហៅប្រទេសនេះថា មិនទទួលខុសត្រូវ។

លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានប្រាប់សន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀតនឹងបន្តជំរុញឱ្យទីក្រុងប៉េកាំង ផ្តល់នូវលទ្ធភាពទទួលបាននូវទិន្នន័យ ដែលត្រូវការដើម្បីឈានដល់ចំណុចដំបូងនៃការផ្ទុះឡើង។ វីរុសនេះត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន នៅចុងឆ្នាំ២០១៩ មុនពេលរីករាលដាលពាសពេញពិភពលោក។

ការកត់សម្គាល់របស់លោកស្រី Psaki បានធ្វើឡើងបន្ទាប់ពីមន្រ្តីសុខាភិបាលជាន់ខ្ពស់ចិនបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំងមិនអាចទទួលយកសំណើស៊ើបអង្កេតបន្ថែមរបស់អង្គការសុខភាពពិភពលោកបានទេ ដោយថាផែនការនេះរួមបញ្ចូលទាំងសម្មតិកម្មថា វីរុសអាចរួចផុតពីមន្ទីរពិសោធន៍ចិន។

មន្ត្រីនោះបានប្រាប់សន្និសីទកាសែតមួយថាផែនការនេះ “មិនយកចិត្តទុកដាក់ចំពោះស្មារតីរួមនិងប្រឆាំងនឹងវិទ្យាសាស្ត្រ” ដោយបដិសេធនូវលទ្ធភាពនៃវីរុស ដែលបានលេចចេញដោយចៃដន្យពីមន្ទីរពិសោធន៍មួយនៅទីក្រុងវូហាន ។

ដោយសង្កត់ធ្ងន់ថា ការស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក គឺមានសារៈសំខាន់ក្នុងការការពារការរាតត្បាតលើកក្រោយនេះ លោក ស្រី Psaki បានលើកឡើងថា“ នេះជាការជួយសង្គ្រោះជីវិតនាពេលអនាគត ហើយវាមិនមែនជាពេលវេលា ដែលត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរផងដែរ” ។

ទ្រឹស្តីដែលថាវីរុសនេះអាចត្រូវបានតាមដានត្រលប់មកវិទ្យាស្ថានវូហាន បានទទួលការយកចិត្តទុកដាក់ជាថ្មី ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើសុំនៅចុងខែឧសភា ឲ្យសហគមន៍ស៊ើបការណ៍ ដើម្បីស៊ើបអង្កេតឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការស៊ើបអង្កេតប្រភពនៃវីរុសនេះ។

សំណួរអំពីដើមកំណើតនៃវីរុសកូវីដ-១៩ បានផ្តោតលើថាតើវាកើតចេញពីការប៉ះពាល់របស់មនុស្សជាមួយសត្វដែលឆ្លង ឬពីគ្រោះថ្នាក់នៃការលេចធ្លាយវីរុសនៅក្នុងមន្ទីរពិសោធន៍។

ទីក្រុងប៉េកាំងបានអះអាងថា ការសិក្សារួមគ្នារបស់អង្គការសុខភាពពិភពលោក និងប្រទេសចិនបានសន្និដ្ឋានថា វាមិនអាចទៅរួចនោះទេ ដែលថាវីរុសនេះបានលេចធ្លាយចេញពីមន្ទីរពិសោធន៍។

ប៉ុន្តែលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកថ្មីៗនេះបានស្នើឱ្យមានការស៊ើបអង្កេតបន្ថែមដោយលើកឡើងថា ការសិក្សាដំណាក់កាលទី១ ត្រូវបានធ្វើឡើងដោយគ្មានការចូលមើលទិន្នន័យ ជាពិសេសនៅដំណាក់កាលដំបូងនៃជំងឺរាតត្បាត៕

ដោយ ឈូក បូរ៉ា

To Top