ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចតំបន់ទីបេជាលើកដំបូង ក្នុងនាមជា ប្រធានាធិបតី

បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចតំបន់ស្វយ័តទីបេ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ហើយនេះគឺជាដំណើរទស្សនកិច្ចដំបូង របស់លោកទៅកាន់តំបន់នេះ ក្នុងនាមជាមេដឹកនាំជាតិ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CAN នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នេះគឺជាដំណើរទស្សនកិច្ចបែបនេះដំបូង ធ្វើឡើងដោយមេដឹកនាំកំពូលរបស់ប្រទេសចិន ក្នុងរយៈជាង៣ទសវត្សកន្លងមកនេះ។

នៅក្នុងរូបភាពមួយ ដែលចេញនៅថ្ងៃសុក្រនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV នោះ លោក ស៊ី ជីនពីង ឃើញធ្វើគារវកិច្ចចំពោះហ្វូងមនុស្សស្លៀកពាក់សម្លៀកបំពាក់ជនជាតិភាគតិច និងគ្រវីទង់ជាតិចិន ក្នុងខណៈលោកធ្វើដំណើរចេញពីយន្តហោះ និងមានអ្នករបាំសម្តែង នៅជុំវិញលោក។

គួរបញ្ជាក់ថា បើទោះជាលោកបានធ្វើដំណើរទៅដលអាកាសយានដ្ឋាន ក្នុងតំបន់ទីបេភាគអាគ្នេយ៍ តាំងពីថ្ងៃពុធក៏ដោយ ក៏មិនមានការនិយាយអំពីដំណើរទស្សនកិច្ចរបស់លោកនោះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការដែរ រហូតដល់ពីរថ្ងៃក្រោយមកទើបមាន៕ប្រែសម្រួល៖ប៉ាង កុង

To Top