ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវរៀបចំ និងទុកដាក់ ចំណីអាហារ ឲ្យត្រឹមត្រូវ ដើម្បីជៀសផុត ពីបញ្ហាសុខភាព បណ្តាលមកពីការឆ្លង ជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩។
តាមសេចក្ដីជូនព័ត៌មាន នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានលើកឡើងថា «ស្ថិតនៅក្នុងដំណាក់កាល ដែលមានការឆ្លងរាតត្បាត វីរុសកូវីដ-១៩ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការណែនាំ និងជម្រាបជូន ដល់សាធារណៈជនទាំងអស់ អំពីវិធានការបង្ការ និងវិធានការជាក់ស្តែង នៃការរៀបចំ និងទុកដាក់ ចំណីអាហារ ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីឱ្យបុគ្គល មានសុខភាពល្អ ជៀសផុតពីបញ្ហាសុខភាព បណ្តាលមកពីការឆ្លង ជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ការពុលអាហារ និងការពុលស្រា»។
លោកស្រី បន្ដថា បញ្ហាសុខភាពបណ្តាល មកពីចំណីអាហារ បង្កឡើងតាមរយៈ ការប៉ះពាល់ ការទទួលទានចំណីអាហារ ឬទឹកកខ្វក់ ដែលមានមេរោគ បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី ក្នុងនោះ ក៏អាចមានវីរុស កូវីដ-១៩ ផងដែរ។ រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានការសិក្សាខ្លះបានបង្ហាញថា មានវីរុសកូវីដ-១៩ អាចនៅរស់ នៅលើអាហារកកៗដែរ បើទោះបីជាវីរុសកូវីដ-១៩ មិនអាចបង្កើតកូនចៅ ក្នុងចំណីអាហារបានក៏ដោយ ។ ក្នុងន័យនេះ ក្រសួងសុខាភិបាលថា បុគ្គលអាចមិនឆ្លងវីរុសកូវីដ-១៩ ពីចំណីអាហារ ឬពីអាហារវេចខ្ចប់ ប្រសិនបើបានអនុវត្តវិធាន ការណ៍អនាម័យចំណីអាហារ ឱ្យបានជាប់ជានិច្ច។
អង្គការសុខភាពពិភពលោក បានកំណត់ថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លងតាមផ្លូវដង្ហើម បង្កឡើងដោយវីរុសកូវីដ-១៩ ដែល ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមការដកដង្ហើមចូល នូវតំណក់ទឹកតូចៗ ដែលចេញពីអ្នកមាន វីរុសកូវីដ-១៩ ពេលក្អក ឬកណ្តាស់ ឬខ្នាតមកប៉ះមាត់ ច្រមុះ ភ្នែក ក្នុងចំងាយតិចជាងមួយម៉ែត្រ ឬក្នុងស្ថានភាពខ្លះ ដោយប៉ះពាល់ជាមួយ នឹងផ្ទៃ ឬវត្ថុ ដែលអ្នកមានវីរុសកូវីដ-១៩ ប៉ះពាល់ រួចយកដៃរបស់ខ្លួន មកប៉ះភ្នែក ច្រមុះ ឬមាត់ ដែលជាហេតុនាំឱ្យវីរុសកូវីដ-១៩ ចូលទៅក្នុង ខ្លួនបាន ហើយវីរុសកូវីដ-១៩ នេះ ត្រូវការជម្រកនៅលើមនុស្ស ឬសត្វ ដើម្បីបង្កើតកូនចៅ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា ការស្រាវជ្រាវ ថ្មីៗ ធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ដែលមានសំណើម និងសីតុណ្ហភាព ដែលអាចគ្រប់គ្រងបាន បានវាយ តម្លៃពីការរស់រានវីរុសកូវីដ-១៩ នៅលើផ្ទៃផ្សេងៗគ្នា ហើយបានរាយការណ៍ថា វីរុសកូវីដ-១៩ អាចរស់រានរហូតដល់ ៧២ម៉ោង នៅលើប្លាស្ទិក នៅលើដែកអ៊ីណុកស្ពាន់ រហូតដល់ ៤ម៉ោង និងនៅលើក្រដាសកាតុង ធ្វើកេសចំនួនប្រហែលជា ២៤ម៉ោង៕