ព័ត៌មានជាតិ

១ឆ្នាំ រាជរដ្ឋាភិបាល ឧបត្ថម្ភប្រាក់ ជូនគ្រួសារក្រីក្រ អំឡុងកូវីដ-១៩ ជិត៤០០លានដុល្លារ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយចំណាយ ថវិកាប្រមាណ ១,៥២៤,៣៣០,០៩៦,០០០រៀល ស្មើនឹង ៣៨១.០៨លាន ដុល្លារ ។

យោងតាមសេចក្ដី ជូនដំណឹង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលថ្មីៗនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចបញ្ចេញកញ្ចប់ថវិកាជាតិជួយដោះស្រាយ ការលំបាកជូនប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានឧបត្ថម្ភសាច់ប្រាក់ ចំនួន៥ជុំហើយ។

ក្រសួងបន្ដថា ពលរដ្ឋទទួលការឧបត្ថម្ភថវិកា ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ពីរាជរដ្ឋាភិបាល ចំនួន៦៥៨,៨៥៧ គ្រួសារ។

ក្រសួងសង្គមកិច្ចបញ្ជាក់ថា «រាជរដ្ឋាភិបាល បានផ្ដល់ការអន្ដរាគមន៍ ក្នុងការអនុវត្ត កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនប្រជាជន ក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចំណាយថវិការដ្ឋ ចំនួន១,៥២៤,៣៣០,០៩៦,០០០រៀល ស្មើនឹង៣៨១,០៨ដុល្លារអាមេរិក» ។

ក្រសួងសង្គមកិច្ចឲ្យដឹងទៀតថា សម្រាប់ការបើកប្រាក់ ឧបត្ថម្ភសម្រាប់ជុំទី៦ លើកទី១ ចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃ២៤ ខែសីហា ឆ្នាំ២០២១ ខាងមុខ ៕

To Top