បរទេស៖ ក្រសួងការបរទេសបារាំង បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់កំពុងតែបង្កគ្រោះ ដល់ឱកាសនៃការ សម្រេចកិច្ចព្រមព្រៀងមួយ ជាមួយមហាអំណាចពិភពលោក ជុំវិញការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ប្រសិនបើមិនវិលមករកតុចរចា ឲ្យបានឆាប់ទេនោះ។
មន្ត្រីនាំពាក្យក្រសួងការបរទេសបារាំង លោកស្រី Agnes von der Muhll បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយថា ប្រសិនបើអ៊ីរ៉ង់នៅតែបន្តដើរលើផ្លូវនេះនោះ វាមិនត្រឹមតែបន្តអូសបន្លាយពេលវេលា ដែលកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្ម អាចត្រូវសម្រេចនោះទេ ប៉ុន្តែវាក៏អាចបង្កគ្រោះភាពអាចទៅរួច នៃការបញ្ចប់កិច្ចពិភាក្សាទីក្រុងវីយែន និងការស្តារកិច្ចព្រមព្រៀង JCPOA ផងដែរ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន MER NEWS នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ការថ្លែងបែបនេះរបស់បារាំង គឺត្រូវបានធ្វើឡើង ស្របពេលដែលលោកខាងលិច នៅមិនអាចសម្រេចជាចុងក្រោយ ស្តីពីការវិលត្រឡប់អនុវត្តកិច្ចព្រមព្រៀង JCPOA វិញ។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានធ្វើកិច្ចពិភាក្សាចំនួន ៦លើក ជាមួយប្រទេសភាគីចូលរួមក្នុងកិច្ចព្រមព្រៀង JCPOA ហើយកិច្ចពិភាក្សាលើកទី៧ ក្នុងទីក្រុងវីយែន ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅចុងខែសីហា ក្រោយរដ្ឋាភិបាលថ្មីឡើង កាន់អំណាចក្នុងប្រទេសអ៊ីរ៉ង់ ៕
ប្រែសម្រួល៖ ប៉ាង កុង