បរទេស៖ប្រភពចំនួន៣ ពីរដ្ឋាភិបាលកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា នាពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង កំពុងតែពិភាក្សាគ្នាដើម្បីបើកឡើងវិញ នូវការិយាល័យអន្តរទំនាក់ទំនងរួមមួយ ដែលទីក្រុងព្យុងយ៉ាងបានកម្ទេចចោល កាលពីឆ្នាំមិញ និងដើម្បីប្រារព្ធធ្វើជំនួបកំពូលមួយ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងស្តារចំណងមិត្តភាព។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលកន្លងមក បានស្វែងរកមធ្យោបាយនានា ដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាពដែលជាប់គាំង តាមរយៈការផ្ញើលិខិតឲ្យគ្នាជាច្រើន ចាប់តាំងពីខែមេសាមក នេះបើយោងតាមប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះជាភាពរសើបនៃកិច្ចការការទូត។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចពិភាក្សាគ្នានោះ បង្ហាញឲ្យឃើញនូវភាពល្អប្រសើរឡើងក្នុងចំណងមិត្តភាព ដែលបានធ្លាក់ចុះកាលពីឆ្នាំមិញ ក្រោយជំនួបកំពូលរបស់មេដឹកនាំទំាង៣ក្នុងឆ្នាំ២០១៨ បានសន្យាសន្តិភាពនិងការផ្សះផ្សារ។
កិច្ចពិភាក្សាអន្តរកូរ៉េនេះ ក៏អាចនឹងជួយដល់ការចាប់ផ្តើមជាថ្មី នូវកិច្ចចរចាដែលជាប់គាំងរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងលុបបំបាត់ចោល នូវកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ដើម្បីជាថ្នូរសម្រាប់ការបន្ធូរបន្ថយទណ្ឌកម្ម៕ប្រែសម្រួល៖ប៉ាង កុង