បរទេស៖ សមាជិកសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានជំរុញក្រុមហ៊ុនឧបត្ថម្ភដកខ្លួន ចេញពីអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ ២០២២ ដោយចោទប្រកាន់ពួកគេ (ក្រុមហ៊ុន) ថា គាំទ្រអ្វីដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ចាត់ទុកអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ស៊ីនជាំង របស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុនទាំងនោះបានអះអាងថា ពួកគេមានឥទ្ធិពលតិចតួច។
យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសវនាការដ៏ក្តៅគគុក ជាញឹកញាប់សមាជិកសភាបានស្តីបន្ទោស តំណាងមកពីសាជីវកម្មធំ ៗ ចំនួន ៥ របស់សហរដ្ឋអាមេរិក ដែលនឹងឧបត្ថម្ភការប្រកួតកីឡា រដូវរងារតាមរយៈភាពជាដៃគូជាមួយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
សមាជិកព្រឹទ្ធសភាមកពី គណបក្សប្រជាធិបតេយ្យលោក Jeff Merkley ដែលជាប្រធានគណៈកម្មការ សភាប្រតិបត្តិស្តីពីប្រទេសចិន ដែលដឹកនាំសវនាការនោះ គឺបានចោទប្រកាន់ក្រុមហ៊ុនអាមេរិកថា បានជួយទីក្រុងប៉េកាំង“ ទទួលបានរង្វាន់ជាកិត្យានុភាព និងការឃោសនា” និងបានគូសវាសស្របទៅនឹង ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៊ែកឡាំងឆ្នាំ១៩៣៦ ក្រោមការគ្រប់គ្រងរបស់ហ៊ីត្លែរ។
លោកបាននិយាយថា “គាត់បានធ្វើសកម្មភាពគួរឱ្យរន្ធត់ប្រឆាំង នឹងប្រជាជនរបស់គាត់ហើយ អាក្រក់ជាងនេះគឺត្រូវមក។ ប៉ុន្តែនៅក្នុងស្ថានភាពនេះ វាអាក្រក់ជាងទីក្រុងប៊ែកឡាំងក្នុងឆ្នាំ ១៩៣៦ទៅទៀត ពីព្រោះអំពើប្រល័យពូជសាសន៍ កំពុងតែដំណើរការហើយ ៕
ប្រែសម្រួលៈ ណៃ តុលា