Covid-19

នាយករដ្ឋមន្រ្តីថៃ ព្យាករណ៍ថា ស្ថានភាពដែលវីរុសឆ្លងខ្លាំង នឹងកើតឡើងក្នុងរយៈពេល ៣ ទៅ៤សប្តាហ៍ទៀតយ៉ាងយូរ

បរទេស៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ លោក Sathit Pitutecha បាននិយាយថានាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានប៉ាន់ប្រមាណថា ស្ថានភាពខ្លាំងនៃជំងឺកូវីដ-19 នឹងជះឥទ្ធិពលដល់ប្រទេសក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ឬ ៤ សប្តាហ៍ខាងមុខនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Sathit ថា លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានប្រាប់រឿងនេះទៅកាន់ អង្គប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃអង្គារដែលលោកនាយករដ្ឋមន្រ្តី បានបន្ថែមថា ទីភ្នាក់ងារពាក់ព័ន្ធត្រូវតែផ្តល់ឱ្យ ប្រជាជនដឹងពីការពិតនៃស្ថានភាព។

ប្រទេសថៃបានកត់ត្រាករណីឆ្លងថ្មី នៃវីរុសកូរ៉ូណាជាង ១០ ០០០ ករណី ជារៀងរាល់ថ្ងៃ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានអ្នកស្លាប់ជារៀងរាល់ថ្ងៃលើសពី ១០០ នាក់។

ក្រសួងសុខាភិបាលសាធារណៈ បានរាយការណ៍នៅព្រឹកថ្ងៃពុធថា ប្រទេសនេះមានអត្រាខ្ពស់នៃករណីថ្មី Covid-១៩ ចំនួន ១៦ ៥៣៣ នាក់ និងអ្នកស្លាប់ថ្មីចំនួន ១៣៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

លោក Sathit បាននិយាយថា លោកនាយករដ្ឋមន្រ្តីបានផ្តល់បទបញ្ជាថា ក្នុងរយៈពេល ១៤ ថ្ងៃការបិទខ្ទប់ និងបំរាមគោចរនឹងត្រូវបាន ពិនិត្យឡើងវិញហើយការសម្រេចចិត្ត នឹងត្រូវធ្វើឡើងដោយផ្អែកលើភាពធ្ងន់ធ្ងរ នៃស្ថានភាពនៅពេលនោះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top