នយោបាយ

អតីតយុវជន CNRP នៅកូរ៉េ ៖ លោក សម រង្ស៊ី ដូចទូកជ្រុលកល់ថ្ម ទៅមុខលែងកើត ថយក្រោយមិនបាន

ភ្នំពេញ ៖ អតីតយុវជននៃអតីតគណបក្សសង្រ្គោះជាតិ(CNRP)ប្រចាំប្រទេសកូរ៉េខាងត្បូង លោក មាស ពិសាល បានលើកឡើងថា បច្ចុប្បន្នលោក សម រង្ស៊ីកំពុងស្ថិតដល់ដំណាក់កាលដូច “ទូកជ្រុលកល់ថ្ម” ទៅមុខលែងកើត ថយក្រោយមិនបាន។

ន័យ “ទូកជ្រុលកល់ថ្ម” នេះ យុវជនមាស ពិសាល បានរៀបរាប់ថា លោកសម រង្ស៊ី និងមន្ត្រីស្មោះស្ម័គ្រលើកហេតុផលក្រោយការរំលាយ CNRP ថា “បក្សគាំងធ្វើការមិនកើត” ហើយនាំគ្នារត់ចោលបក្សទៅបង្កើតចលនា រួចរត់ចោលចលនា ទៅបង្កើតអូ(cnrp-o)។ ដំបូងក្រុមលោកសម រង្ស៊ីនៅមានអន្តរជាតិគាំទ្រ តែចុងក្រោយនេះ បន្ទាប់ប្រកាសធ្វើរដ្ឋប្រហារ ប្រមាថព្រះមហាក្សត្រ ក៏ត្រូវបានអង្គការស្ថាប័នអន្តរជាតិមួយចំនួនដកខ្លួនឈប់ពាក់ព័ន្ធ សូម្បីតែអ្នករាយការណ៍ពិសេសអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏ធ្លាប់ប្រកាសថ្កោលទាស ចំពោះសកម្មភាពខុសឆ្គងរបស់លោកផងដែរ ។

លោកបន្តថា ក្រោយផុងខ្លួនជាមួយបនអូរដើរបំបែកកម្លាំងជាច្រើនកន្លែង ស្ទើរគ្រប់ប្រទេសលោកបានធ្លាក់ចុះការគាំទ្រយ៉ាងខ្លាំង ។ ទន្ទឹមនឹងមិនអាចចូលស្រុកបាន មន្ត្រីមួយចំនួនជួយបង្កើតក្រុមផ្សព្វផ្សាយលើកមុខលោកក្តី ក៏លោកហាក់គិតថាមិនគ្រប់គ្រាន់ដោយខ្លួនបានចេញមុខផ្សាយផ្ទាល់តាមហ្វេសប៊ុកជាញឹកញាប់ បង្កើតព្រឹត្តិការណ៍ផ្សេងៗ ទោះដឹងថា មិនអាចជួយជាតិ និងប្រជាជន ផ្ទុយទៅវិញបានត្រឹមធ្វើឲ្យអាជ្ញាធរកម្ពុជា មានលេសចាប់ខ្លួន ធ្វើទុក្ខបុកម្នេញសកម្មជនក្នុងស្រុកប៉ុណ្ណោះ ។

លោកថា ដោយសារជំហានចុងក្រោយលោក សម រង្ស៊ីដើរខុសធ្ងន់ជាច្រើនដងច្រើនសាររួមទាំងផុងខ្លួនជាមួយក្រុមអូបំបែកកម្លាំង ពាក់ព័ន្ធក្រុមជេរបញ្ចោរជាប្រព័ន្ធនៅក្រៅស្រុក លោកសម រង្ស៊ីបានធ្លាក់ប្រជាប្រិយទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយបញ្ញវន្តមួយចំនួនដែលធ្លាប់ជួយលោកក៏ដកថយ។

លោក មាស ពិសាលបន្ថែមថា “យ៉ាងណាទូកលោកសម រង្ស៊ីឡើងកល់ហើយ ជាប់កាន់តែយួរស្បៀងកាន់តែខ្សត់ ពលកាន់តែខ្សោយ ពលនៅសេសសល់ខ្លាំងតែខាងបំបែក ជេរ និងលាបពណ៌ ស្រែកស្នេហាជាតិពីក្រៅស្រុក មើលងាយអ្នកនៅក្នុងស្រុកថាកំសាក ធ្វើឲ្យការគាំទ្ររបស់លោកក៏កាន់តែធ្លាក់ផងដែរ” ។

លោកបន្តថា ថ្មីៗនេះលេចឮដំណឹងថា គណបក្សមួយឈ្មោះ” បេះដូងជាតិ ” ត្រូវបានបង្កើតឡើងដោយមានលោកសម រង្ស៊ីជម្រុញពីក្រោយ។ បក្សនេះអាចជាសារសុំជំនួយមកយឹតយោងសណ្តោងទូកលោក សម រង្សីកំពុងជាប់គាំង។

លោក មាស ពិសាល លើកជាសំណួរថា តើនរណាអាចមកសណ្តោងទូកលោកសម រង្ស៊ីដែលកំពុងជាប់កល់នៅពេលនេះបាន? លោកថា លោកសម រង្ស៊ី រាល់ពេលដើរដល់ផ្លូវទាល់តែងមាន”បុរសជិះសេះខ្មៅតែលាបថ្នាំស” មកជួយស្រង់គាត់ដើម្បីគ្រាន់ជិះកំដរគ្នាមួយរយៈ ទម្រាំបុរសជិះសេះខ្មៅនោះធុញដេញលោកឲ្យទៅឆ្ងាយលែងឲ្យរួមដំណើរជាមួយ។ ចុះលើកនេះ “បុរសជិះសេះខ្មៅលាបថ្នាំស” នោះនឹងជួយលោកសម រង្ស៊ីទៀតទេ? ប៉ុន្តែបើទូកនយោបាយរបស់លោកត្រូវបានជួយសង្គ្រោះដោយបុរសនោះមែន វាសនាលោកនឹងវិលវល់ដូចពេលមុនៗ គឺបានត្រឹមលេងល្បែងដែលបុរសនោះអាចគ្រប់គ្រងបានយ៉ាងប្រាកដ និងមិនអាចធ្វើការផ្លាស់ប្តូរ ឬផ្តល់ប្រយោជន៍អ្វីដល់ពលរដ្ឋសោះឡើយ៕

To Top