ភ្នំពេញ៖ អត្តពលិកហែលទឹកកម្ពុជា ២រូប បានដល់ថ្ងៃប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នាទីក្រុងតូក្យូ (Tokyo Olympic Games 2020) ហើយ នាវេលាម៉ោង ៥ល្ងាចនេះ (ម៉ោងនៅកម្ពុជា) ។ នេះបើតាមការចេញផ្សាយរបស់ Cambodia SEA GAMES 2023។
អត្តពលិកហែលទឹកកម្ពុជា ២រូបនេះមាន៖ កីឡាករ ហែម ប៉ុច ប្រកួតវិញ្ញាសា ៥០ម៉ែត្រសេរី ស្ថិតក្នុង Heat-4 និង Lane-6 និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ប្រកួតវិញ្ញាសា ៥០ម៉ែត្រ ស្ថិតក្នុង Heat-3 និង Lane-5។
ក្នុងព្រឹត្តិការណ៍ប្រកួតនេះ គិតមកដល់ថ្ងៃ៣០ កក្កដានេះ ចិនបានប្រជែងដណ្តើមមេដាយ ច្រើនជាងគេក្នុងនោះមានមេដាយមាស១៤ ប្រាក់៦ និងសំរឹទ្ធ៩ សរុប២៩គ្រឿង ខណៈសហរដ្ឋអាមេរិក ឈរនៅលេខ២ មានមេដាយមាស១៣ ប្រាក់១៣ និងសំរឹទ្ធ១០ សរុប៣៦គ្រឿង។ រីឯម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅជប៉ុន ដណ្តើមបានមេដាយសរុបបាន ២២គ្រឿង ក្នុងនោះ មាស១៣ ប្រាក់៤ និងសំរឹទ្ធ៥ , R O C ឈរលេខ៤ ដណ្តើមបានមេដាយសរុប២៥គ្រឿង មាស៧ ប្រាក់១១ និងសំរិទ្ធ៧ , លេខ៥ អូស្រ្តាលី ដណ្តើមបានមដាយសរុប១៩គ្រឿង មាស៧ ប្រាក់២ និងសំរិទ្ធ១ , លេខ៦ ចក្រភពអង់គ្លេស ដណ្តើមបានមេដាយសរុប ១៦គ្រឿង មាស៥ ប្រាក់៦ និងសំរិទ្ធ៥ ខណៈកូរ៉េខាងត្បូងលេខ៧ ដណ្តើមបានមេដាយសរុប១១គ្រឿង មាស៤ ប្រាក់២ និងសំរិទ្ធ៥គ្រឿង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ បានប្រារព្ធពិធីបើកការប្រកួត ជាផ្លូវការកាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដោយមានប្រតិភូ និងអត្តពលិកប្រមាណ ២០៥ប្រទេសចូលរួម ក្នុងនោះក៏មានវត្តមានប្រតិភូ និងអត្តពលិកកម្ពុជាចំនួន ៨រូបផងដែរ ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម៕