ព័ត៌មានជាតិ

ក្រសួងការបរទេសខ្មែរ ប្រគល់ម៉ូតូ BMW ៣០គ្រឿង ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១នេះ បានប្រគល់ម៉ូតូ ម៉ាក BMW ១២៥០សេសេ ចំនួន ៣០គ្រឿង ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទុកប្រើប្រាស់ក្នុងសកម្មភាពរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនឥស្សរជនជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំធំៗរបស់កម្ពុជា។

ពិធីប្រគល់-ទទួល ម៉ូតូចំនួន ៣០គ្រឿង ខាងលើ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី លោក ញឹម ខេមរា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃអនុគណៈកម្មការហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣, លោក លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣, ឯកឧត្តម សន ច័ន្ទរិទ្ធី សមាជិកអនុគណៈកម្មការហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ពិធីនេះ ដែរក៏មានការចូលរួមពីតំណាងក្រុមហ៊ុន CTRM Co,Ltd និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀតផងដែរ ៕

To Top