ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៤ ដល់១០ សីហាខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ ក្នុងតំបន់មួយចំនួន ដោយលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនៅថ្ងៃ៣ សីហា បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើ ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម ។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។
ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤ អង្សាសេ ។ បណ្តាខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុង កម្រិតពីខ្សោយទៅមធ្យម និងបណ្តាខេត្តដទៃទៀតអាច មានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ហើយឡំទៅដោយ ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។
ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០-៣២អង្សាសេ អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣០-៣២អង្សាសេ អាចនឹងមានភ្លៀងធ្លាក់ក្នុង កម្រិតពីមធ្យមទៅបង្គួរ ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង លាយឡំ ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕