Covid-19

ក្រសួងសុខាភិបាល សង្កេតឃើញកុមារ-យុវវ័យ នាំគ្នាចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងច្រើនកុះករ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះមាន កុមារ និងយុវវ័យ បានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងច្រើនកុះករ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានប្រកាសបើកយុទ្ធនាការចាក់ វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ។

ក្នុងឱកាសចុះពិនិត្យមើលការចាក់វ៉ាក់សាំងជូន កុមារ និងយុវវ័យ នាថ្ងៃទី៣ សីហា នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋរបស់យើង ជាពិសេស ក្មួយៗ ដែលមានអាយុដល់១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំនេះ គឺលោកបានស្ម័គ្រចិត្តមក ចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ»។

លោកស្រីបញ្ជាក់ថា ជាក់ស្ដែងក្នុងខេត្តកោះកុងមាន កុមារ និងយុវវ័យ ស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង យ៉ាងច្រើនលើសលុប។ លោកស្រី យល់ឃើញថា អាណាព្យាបាលពួកគាត់ មានទឹកចិត្តសប្បាយរីករាយ នូវពេលកូនៗរបស់ពួកគាត់ បានចាក់វ៉ាក់សាំងនាពេលនេះ។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៧,៤៩៨,១២៩នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន ៧៤.១៨% ហើយ ៕

To Top