ញូដេលី៖ ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌា កំពុងរីករាលដាលដូចជា ភ្លើងឆេះព្រៃនៅទូទាំងប្រទេស ក្នុងពេលដែលការធ្វើបាតុកម្មដំបូងបង្អស់ នៅភាគឦសាននៃប្រទេស បានរាលដាលដល់កន្លែងផ្សេងទៀត កាលពីនៅថ្ងៃអាទិត្យ សាកលវិទ្យាល័យឈានមុខ គេមួយនៅក្នុងរដ្ឋធានីជាតិ ត្រូវបានប្រែក្លាយទៅជា សមរភូមិរវាងនិស្សិត និងប៉ូលិស ពាក់ព័ន្ធនឹងការច្បាប់ថ្មី គឺច្បាប់សិទ្ធិទទួលបានភាពជាពលរដ្ឋ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា និស្សិតមកពីសាកលវិទ្យាល័យជាច្រើន នៅតាមតំបន់ផ្សេងៗនៃប្រទេសឥណ្ឌា បាននាំគ្នាធ្វើបាតុកម្មនៅតាម ដងផ្លូវដើម្បីបង្ហាញពីសាមគ្គីភាព របស់ពួកគេជាមួយសាកលវិទ្យាល័យ Jamia Millia Islamia នៅទីក្រុងដេលីដែលមានការ ប៉ះទង្គិចគ្នាជាមួយប៉ូលីស កាលពីថ្ងៃអាទិត្យដែល បណ្តាលឱ្យមនុស្សជិត ៦០នាក់រួមទាំងនិស្សិត ប៉ូលីស និងសកម្មជនបានរងរបួស។
ការប៉ះទង្គិចគ្នានេះបានបន្សល់ទុក នូវរថយន្តក្រុងដឹកជញ្ជូនសាធារណៈចំនួន ៤ គ្រឿងត្រូវបានដុតបំផ្លាញ និងខូចខាតជាច្រើនដោយ ប៉ូលីសបានចោទប្រកាន់ថា បានចូលក្នុងបរិវេណរបស់ខ្លួន។
នៅពេលព័ត៌មានអំពីសកម្មភាព របស់ប៉ូលីសទៅលើនិស្សិត របស់សាកលវិទ្យាល័យ Jamia Millia Islamia នៃទីក្រុងដេលីបានរីករាលដាល និស្សិតនៃសាកលវិទ្យាល័យជាច្រើន នៅទូទាំងប្រទេសឥណ្ឌា បានធ្វើបាតុកម្មនៅតាមដងផ្លូវ ដោយសាមគ្គីភាពនិងប្រឆាំង នឹងច្បាប់ស្តីពីសិទ្ធិ ទទួលបានភាពជាពលរដ្ឋ (វិសោធនកម្ម) ដែលនឹងផ្តល់សញ្ជាតិ ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ ពីជនជាតិភាគតិចសាសនាចំនួន ៦ដោយមិនរាប់បញ្ចូលក្រុម ម៉ូស្លីម។
សូមជម្រាបថា រដ្ឋាភិបាលឥណ្ឌាបានអនុម័តច្បាប់ ស្តីពីសញ្ជាតិសម្រាប់ជនចំណាកស្រុក មិនមែនមូស្លីមដែលចាប់ផ្តើមនៅថ្ងៃសុក្រ។ ច្បាប់នេះផ្តល់ឱកាសដល់ ជនជាតិភាគតិចសាសនាចំនួន ៦នាក់គឺហិណ្ឌូ , Parsis, ជេនស៍, គ្រីស្ទសាសនា, ពុទ្ធសាសនា និងស៊ីក មកពីអាហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន ដើម្បីទទួលបានសញ្ជាតិឥណ្ឌាប្រសិនបើ ពួកគេទៅដល់ប្រទេសឥណ្ឌាមុនឆ្នាំ ២០១៥ ៕
ប្រែសម្រួលៈ ណៃ តុលា