ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត៖អំណាចពួកសកម្មប្រយុទ្ធ Hezbollah ជាប្រភពចម្បង នៃវិបត្តិនៅលីបង់

បរទេស៖រដ្ឋមន្ត្រីការបរទេស នៃប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃពុធថា ការបន្តទទូចដាក់ឆន្ទៈរបស់ពួកសកម្មប្រយុទ្ធ Hezbollah គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសតាលីបង់ គឺជាមូលហេតុចម្បងមួយ បង្កឲ្យមានវិបត្តិក្នុងប្រទេសនេះ។

ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud ក៏បានមានបន្ទូលផងដែរថា ទីក្រុងរីយ៉ាដ មានក្តីព្រួយបារម្ភថា គ្មានលទ្ធផលជាក់ស្តែងសម្រេចបាន នៅក្នុងការស៊ើបអង្កេតចំពោះការផ្ទុះនៅកំពង់ផែ Beirut ដែលបានបំផ្លិញបំផ្លាញផ្នែកនានានៃទីក្រុង កាលពីមួយឆ្នាំមុននោះទេ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០៥ ខែសីហា ឆ្នំា២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ក៏បានមានបន្ទូលផងដែរថា ជំនួយផ្តល់ឲ្យប្រទេសលីបង់ណាមួយ នឹងមានជាប់ពាក់ព័ន្ធនឹងកំណែទម្រង់ដ៏ធ្ងន់ធ្ងរនៅទីនោះ។

គួរបញ្ជាក់ថា ការិយាល័យរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សន្និសីទម្ចាស់ជំនួយ ដើម្បីលើកឡើងពីជំនួយបន្ទាន់ សម្រាប់សេដ្ឋកិច្ចដាក់ចុះដុនដាបរបស់ប្រទេសលីបង់ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រមូលបានប្រាក់ចំនួន៣៧០លានដុល្លារ៕ ប្រែសម្រួល៖ប៉ាង កុង

To Top