ភ្នំពេញ ៖ បន្ទាប់ពីចាប់ខ្លួនជនជាតិចិន ៧នាក់ ហើយត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស និងកាន់កាប់រក្សាអាវុធ ដោយខុសច្បាប់នៅខេត្តព្រះសីហនុ កងកម្លាំងនគរបាលជំនាញ បានបន្ដស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការ ចាប់ខ្លួនជនសង្ស័យ៧នាក់ បន្ថែមទៀត ក្នុងនោះ ជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។ នេះបើតាមហ្វេសប៊ុករបស់ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ។
ក្នុងប្រតិបត្តិការដ៏ក្ដៅគគុក ជាបន្ដបន្ទាប់ត្រូវបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការ សម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃ១៣-១៤ ធ្នូ ដោយកម្លាំងជំនាញ តាមចាប់ជនសង្ស័យ នៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បានជាបន្តបន្ទាប់សរុបចំនួន៧នាក់បន្ថែមទៀត (ជនជាតិខ្មែរ៤នាក់,ជនជាតិចិន៣នាក់ ស្រីម្នាក់) ព្រមទាំងចាប់យកវត្ថុតាង កាំភ្លើង៥ដើម (កាំភ្លើងវែង១ដើម និងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំសេវមួយចំនួនទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ធ្នូ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន បានជនសង្ស័យជនជាតិចិនចំនួន៧នាក់ ជាប់ពាក់ព័ន្ធ ករណីចាប់ឃុំ បង្ខាំងមនុស្សខុសច្បាប់ ផ្តល់ទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ និងនាំចូលអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំង ដកហូតបានកាំភ្លើងខ្លីចំនួន២ដើម , កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ ។ ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕