នយោបាយ

សម្ដេចតេជោ៖ អាស៊ានត្រូវគោរពគ្នា ទៅវិញទៅមក មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន បង្កើតឡើងដើម្បីថែរក្សា និងជំរុញការអភិវឌ្ឍប្រកបដោយភាពសុខសាន្ត ហេីយគោរពគ្នាទៅវិញទៅមក លើឯករាជ្យភាព អធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។

យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអាស៊ាន ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «ក្នុងឱកាសដ៏នក្ខត្តឫក្ស សម្រាប់ប្រជាជនអាស៊ានទាំងអស់ ខណៈដែលយើងប្រារព្ធខួបលើកទី៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន ប្រកបដោយមោទនភាព។ យើងទាំងអស់គ្នាបានធ្វើដំណើរមកអស់កាលដ៏វែងឆ្ងាយ និងបានរីកចម្រើនគួរជាទីគាប់ចិត្ត ក្នុងគោលដៅជំរុញវឌ្ឍនភាព នៃអង្គការថ្នាក់តំបន់មួយនេះ ឱ្យទៅជានីតិបុគ្គលមួយ ដែលមានភាពស្អិតរមួតផ្ទៃក្នុង និងយកប្រជាជនជាធំ»។

សម្ដេចតេជោ បន្ដថា ក្នុងថេរវេលាជាង ៥ទសវត្សរ៍មកនេះ អាស៊ាន បានពង្រីកសមាជិកភាពរបស់ខ្លួន ដោយបានរួមបញ្ចូល គ្រប់ប្រទេសទាំងអស់ លើកលែងតែប្រទេសមួយគត់ នៅក្នុងតំបន់និងបានលើកកម្ពស់ ការធ្វើសមាហរណកម្ម ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងចំណោមប្រទេសសមាជិក និងជាមួយដៃគូនានា។ អាស៊ានក៏បានបន្តង្រឹង កិត្យានុភាពជាអង្គការតំបន់មួយ ពោរពេញដោយថាមវន្តំ និងភាពរស់រវើកបំផុត ក្នុងសាកលលោកលើទិដ្ឋភាព សក្តានុពល សេដ្ឋកិច្ច និងគុណប្រយោជន៍ ប្រៀបធៀប។

សម្ដេចតេជោ បន្ថែមថា ក្នុងឆ្នាំនេះ ប្រទេសព្រុយណេ ដែលជាប្រធានប្តូរវេន របស់អាស៊ាន មានឆន្ទៈជំរុញដំណើរការ អាស៊ានឆ្ពោះទៅមុខបន្ថែមទៀត ក្រោមមូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលស័ក្តិសមបំផុត ជាមួយនឹងបញ្ហាប្រឈម ដ៏ស្រួចស្រាល់ ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្ន ដើម្បីឈានឆ្ពោះទៅរក ការសម្រេចទស្សនៈវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥។

សម្ដេចតេជោ មានប្រសាសន៍ថា «អាស៊ានត្រូវបានបង្កើតឡើង ដើម្បីថែរក្សា និងជំរុញការអភិវឌ្ឍប្រកបដោយ ភាពសុខសាន្ត និងដើរតួនាទីជាវេទិកា លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់។ ស្មារតីនៃការគោរពគ្នាទៅវិញទៅមក លើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីសមភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលប្រទេសសមាជិក អាស៊ានទាំងអស់ បានលើកស្ទួយតាំងពីឆ្នាំ១៩៦៧ ព្រមទាំងគោលការណ៍ កុងសង់ស៊ីស នៅតែបន្តជាគោលការណ៍ មាគ៌ាជាមូលដ្ឋាន សម្រាប់ដំណើរការកសាង សហគមន៍របស់យើង»។

សម្ដេចតេជោ បញ្ជាក់ថា ឈរលើហេតុផលនេះ ជានិច្ចជាកាល អាស៊ានគឺជាផ្នែកមួយដ៏សំខាន់ និងមិនអាចកាត់ផ្តាច់បាន នៃនយោបាយការបរទេសរបស់កម្ពុជា។ តាមរយៈក្របខណ្ឌអាស៊ាន យើងមានលទ្ធភាពពង្រីក ជាអតិបរមានូវកាលានុវត្តភាព ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេស នៅក្នុងតំបន់ និងដៃគូខាងក្រៅ ទូទាំងសាកលលោក ក្នុងបុព្វហេតុលើកកម្ពស់ សន្តិភាពយូរអង្វែង សន្តិសុខ វិបុលភាព និងការអភិវឌ្ឍជាតិលើគ្រប់ទិដ្ឋភាព៕

To Top