បរទេស៖ កាលពីដើមឆ្នាំនេះ លោកស្រី Shi Zhengli បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ ថា វិទ្យាស្ថានរោគវិទ្យា វូហាន បានធ្វើការសិក្សាជាមួយយោធាចិន បន្ទាប់ពីលោកស្រី ត្រូវបានចោទប្រកាន់ ដោយសហរដ្ឋអាមេរិក ពីការពិសោធដ៏ប្រថុយប្រថាន ជាមួយមេរោគកូរ៉ូណា ដែលមានដើមកំណើត ពីសត្វប្រចៀវ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Shi Zhengli អនុប្រធានវិទ្យាស្ថាន មេរោគឆ្លងវូហាន (WIV) របស់ប្រទេសចិន បានព្រមានថា ពិភពលោកគួរតែត្រៀមខ្លួន ដើម្បីរួមរស់ជាមួយ មេរោគកូវីដ -១៩ ព្រោះមេរោគនឹងបន្តផ្លាស់ប្តូរ និងរីករាលដាល ពាសពេញ ពិភពលោក។
អ្នកជំនាញខាងរោគវិរុស កំពូលរបស់ចិនរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយចិន ដាក់ឈ្មោះថា “Bat Woman” សម្រាប់ការងារ ជាប់លាប់របស់លោកស្រី ជាមួយសត្វប្រចៀវ ដែលមានមេរោគកូរ៉ូណា ហើយត្រូវបានបញ្ចូលក្នុងបញ្ជីមនុស្ស មានឥទ្ធិពល បំផុតទាំង ១០០ របស់ទស្សនាវដ្តី Time នៅឆ្នាំ ២០២០ ។
លោកស្រី Shi បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន កាលពីថ្ងៃពុធថា“ យើងមិនគួរភ័យស្លន់ស្លោទេ ប៉ុន្តែយើងត្រូវត្រៀមខ្លួន ដើម្បីរួមរស់ជាមួយ មេរោគកូរ៉ូណា ក្នុងរយៈពេលវែង” ៕
ប្រែសម្រួលៈ ណៃ តុលា
