ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការស្នើសុំចាក់វ៉ាក់សាំង AstraZeneca នូវដូសទី៣ ដោយហេតុថា វ៉ាក់សាំង Astra Zeneca មានតម្រូវការចាក់ដូសទី៣ សម្រាប់ឲ្យកម្លាំងជួរមុខដែលកំពុងពង្រាយនៅខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃប៉ុណ្ណោះ ។
សម្ដេចតេជោ បានមានប្រសាសន៍បែបនេះ ក្រោយពីមានអ្នកមួយចំនួនចាក់វ៉ាក់សាំង AstraZeneca រួចហើយនោះ បានស្នើសុំចាក់វ៉ាក់សាំង AstraZeneca នូវដូសទី៣ទៀត។
តាមរយៈសារសំឡេង នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ បានបញ្ជាឲ្យបញ្ឈប់ការស្នើសុំជាបន្ដទៀតពីសំណាក់ស្ថាប័ន ឬអ្នកដែលចង់ស្នើសុំ។ សម្ដេចថា រហូតមកដល់ពេលនេះមិនទាន់សិក្សារវាងគម្លាត ដូសទី១ ឬដូសទី២ និងដូសទី៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ។ សម្ដេច បន្ដ ថា ព្រោះបានសិក្សាតែពីរគម្លាតរបស់ ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ តែប៉ុណ្ណោះ ដែលអាចផ្ដល់វ៉ាក់សាំង AstraZeneca សម្រាប់ការចាក់ដូសទី៣ ឬក៏ដូសជំរុញ ។
សម្ដេចតេជោ បញ្ជាក់ថា ចំពោះដូសទី៣ កម្ពុជាពុំមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីដំណើរការចាក់នោះទេ គឺចាក់ជូនបានត្រឹមតែមន្ដ្រីជួរមុខដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ តែប៉ុណ្ណោះ ហើយចំនួននេះក៏មិនទាន់គ្រប់គ្រាន់នោះដែរ។ សម្ដេចបាននិងកំពុងបញ្ជាឲ្យ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ធ្វើលទ្ធកម្មស្វះស្វែងរកនូវការទិញវ៉ាក់សាំង AstraZeneca ទៅចាក់ជូនប្រជាពលរដ្ឋដែលបានចាក់ AstraZeneca រួចមកហើយនេះ។
សម្ដេចតេជោ មានប្រសាសន៍ថា «សំណូមពរខ្លះទៀត អ្នកមិនទាន់ចាក់ដូសទី១ បែរជាឃើញ AstraZeneca បានមកដល់ បែរជាសុំចាក់ AstraZeneca ដោយមិនគិតដល់ការលំបាក់របស់រដ្ឋដែលកំពុងខ្វះវ៉ាក់សាំង។ ខ្ញុំសូមអំពាវនាវចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី អស់លោក សម្រាប់ចាក់ដូសទី៣ គឺសុំឲ្យផ្អាកការដាក់សំណើស្នើសុំ គឺផ្អាកលុះត្រាតែមានសិក្សាម៉ត់ចត់អំពីគម្លាតរវាង ដូសទី១ ដូសទី២ និងដូសទី៣ ។ ហើយយើងវ៉ាក់សាំងទើបយើងអាចឈានទៅដល់ការចាក់ជូនអ្នកដែលបានចាក់ដូសទី១ ដូសទី២ នៃវ៉ាក់សាំង AstraZeneca សម្រាប់អ្នកដែលមិនទាន់បានចាក់ ហើយបែរជាមកស្នើសុំចាក់ AstraZeneca គឺមិនផ្ដល់ជូននោះទេ»។
សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា «ដោយសារយើងមានតម្រូវការចាក់ដូសទី៣ សម្រាប់ឲ្យកម្លាំងជួរមុខរបស់យើង ដែលកំពុងពង្រាយទៅជូនចំពោះខេត្តចំនួន៧ កាលពីថ្ងៃអាទិត្យកន្លងទៅ និងកំពុងបែងចែកទៅបណ្ដាខេត្តដ៏ទៃទៀត បូកនឹងការបញ្ជូនទៅឲ្យកងទ័ព និងកម្លាំងនគរបាលនៅជាមួយ ចាក់ទាំងអតីតយុទ្ធជន និងអ្នកកីឡាចូលប្រកួតស៊ីហ្គេមមុននេះចាក់ស៊ីណូហ្វាម ឬស៊ីណូវ៉ាក់»។
សម្ដេចតេជោ បន្ថែមទៀតថា កម្ពុជាមិនមានលទ្ធភាពដើម្បីស្វែងរក AstraZeneca ចាក់ជូនចំពោះថ្នាក់នាំ ក្រសួងស្ថាប័នពាក់ព័ន្ធ តាមសំណើស្នើសុំនោះទេ។
សម្ដេចតេជោ សង្ឃឹមថា អ្នកចាក់ AstraZeneca ដូសទី១ ឬដូសទី៣ រួចរាល់ហើយនោះ ត្រូវរងចាំឲ្យមានការសិក្សា និងរងចាំឲ្យ AstraZeneca បានមកដល់លើកក្រោយ។ សម្ដេចថា AstraZeneca ដែលជាជំនួយរបស់អង់គ្លេសផុតសុពុលភាពនៅខែកញ្ញានេះ ព្រោះ AstraZeneca មានសុពុលភាពរយៈពេល៦ខែតែប៉ុណ្ណោះ ៕