ព័ត៌មានជាតិ

ក្រសួងកសិកម្ម៖ ថ្នាំ-ជីកសិកម្ម ឡើងថ្លៃដោយសារ បណ្ដាប្រទេសផលិត មិនអាចឆ្លើយតបតាម ការបញ្ជាទិញពីកម្ពុជា(video)

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា មូលហេតុ ថ្នាំកសិកម្ម និងជីកសិកម្ម នៅកម្ពុជាឡើងថ្លៃ ដោយសារបណ្ដាប្រទេសផលិតទាំងនោះ មិនអាចផលិតឆ្លើយតបតាម ការបញ្ជាទិញពីកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំកន្លងទៅនេះ បានធ្វើឲ្យគ្រប់វិស័យ ជួបនឹងបញ្ហាប្រឈម ខណៈវិស័យកសិកម្មនៅកម្ពុជា ឆ្នាំ២០២១ បានពិនិត្យឃើញថា ហាក់មានសន្ទុះ កើនឡើងគួរឲ្យកត់សម្គាល់ រីឯតម្រូវការថ្នាំកសិកម្ម និងជីកសិកម្ម ក៏មានសន្ទុះកើនឡើងផងដែរ ។

ក្រសួងកសិកម្មបន្តថា « តម្លៃជីកសិកម្ម ក៏មានតម្លៃថ្លៃជាង កាលពីឆ្នាំកន្លង ទៅដែរ ដោយផ្តើមចេញពីមូលហេតុសំខាន់ៗមួយចំនួន ដូចជា ៖ នៅបណ្តាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មិនអាចផលិតឆ្លើយតបបានតាម ការបញ្ជទិញពីប្រទេសកម្ពុជា។ វត្ថុធាតុដើមមានការខ្វះខាត ក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗមា នដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់»។

ក្រសួងបន្ថែមថា ផលិតកម្មជីកសិកម្មត្រូវ បានកាត់បន្ថយកម្លាំងពលកម្ម ដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជា នៅប្រទេសចិន ថៃ និងវៀតណាម។ ការដឹកជញ្ជូនប្រើពេលវេលាយូរ ដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩ (មានការប្រុងប្រយ័ត្នទៅលើផ្នែកសុខភាព និងត្រួតពិនិត្យតាមវិធានសុខាភិបាល)។

ក្រសួង អះអាងថា ទន្ទឹមនឹងការបញ្ជាទិញពីកម្ពុជា នៅបណ្តាប្រទេសផ្សេងៗ ក៏បានបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់ មិនគ្រប់តាមតម្រូវការ។ ការចំណាយលើការរៀបចំ វេចខ្ចប់ឡើងវិញ ដែលត្រូវការសំបកវេចខ្ចប់ បោះពុម្ពជាភាសាខ្មែរ។ ជាងនេះទៅទៀត ក្រុមហ៊ុនផ្គត់ផ្គង់ ជី-ថ្នាំ កសិកម្មមួយចំនួនមិនបាន ទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្តាល ជាហេតុធ្វើឲ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃ នៅរោងចក្រផលិត។

ក្រសួងកសិកម្ម លើកឡើងទៀត តម្រូវការជីកសិកម្មក្នុងស្រុក មានការកើនឡើងច្រើន ជាពិសេសនោះ កម្ពុជាមិនទាន់មានលទ្ធភាព អាចផលិតជីកសិកម្មបាននៅឡើយ (មានលទ្ធភាពផលិតជី ធម្មជាតិ និងជីសរីរាង្គតែប៉ុណ្ណោះ)។

សូមបញ្ជាក់ថា ឆ្នាំ២០២០ ក្រុមហ៊ុននាំចូលថ្នាំកសិកម្ម មានចំនួន ១០៣ ០០៥ តោន និងជីកសិកម្ម ចំនួន ១ ៤០៦ ៧៧៥ តោន។ ដោយឡែក ក្នុងឆ្នាំ២០២១នេះ គិតត្រឹមខែឧសភា ការនាំចូលថ្នាំកសិកម្ម មានចំនួន ៤៧ ៤០៩ តោន និងជីកសិកម្មចំនួន ៨៥៨ ៦៣២ តោន៕

To Top