Covid-19

រដ្ឋមន្ដ្រីសុខាភិបាល ណែនាំឱសថស្ថាន ត្រូវលក់ឧបករណ៍តេស្ដរហ័សក្នុងតម្លៃសមស្រប 

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តម្ករហ័ស ក្នុងតម្លៃសម ស្រប ដើម្បីឲ្យប្រជាពលរដ្ឋមាន លទ្ធភាពទិញយកមកធ្វើតេស្តខ្លួនឯង។

យោងតាមសារាចរណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបញ្ជាឲ្យមន្ទីរពេទ្យឯកជន និងគ្លីនិកទាំងអស់ ត្រូវផ្តល់សេវាធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋ ក្នុងតម្លៃទាបសមស្រប ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។

លោក បានឲ្យដឹងថា «ឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តម្ករហ័សក្នុងតម្លៃសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋ មានលទ្ធភាពទិញយកមកធ្វើតេស្ត ដោយមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ដោយក្រុមការងារ សិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩»។

លោក បានបន្ដថា មូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវប្រើប្រាស់ឧបករណ៍តេស្គរហ័សផ្តល់ជូនដោយ ក្រសួងសុខាភិបាល។ លោកថា សមត្ថកិច្ចពាក់ព័ន្ធត្រូវគ្រប់គ្រង និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ ដើម្បី ទប់ស្កាត់កុំឲ្យឧបករណ៍របស់រដ្ឋមាននៅលើទីផ្សារ។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តលក់ឧបករណ៍តេស្ដរហ័ស ២ខែទៀត ដើម្បីធ្វើឱ្យមានភាពសម្បូរ និងបន្សំទៅនឹងតម្លៃទីផ្សារ។ បន្ទាប់មក ក្រសួងនឹងផ្ទេរការងារនេះ ឲ្យទៅអង្គភាពណាមួយទទួលខុសត្រូវបន្ត ឬទុកលទ្ធភាពឲ្យក្រុមហ៊ុនធ្វើអាជីវកម្មក្នុងតម្លៃសមស្រប។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨២,៨៩៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៧៧,០៣៧នាក់ និងអ្នកស្លាប់ ចំនួន១៦០២នាក់៕

To Top