ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រាប់អារ៉ាប៊ីសាអូឌីត ធ្វើឲ្យសិទ្ធិមនុស្សប្រសើរឡើង

បរទេស៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជួបគ្នាជាមួយរដ្ឋមន្ត្រី ការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Salman al-Saud នៅថ្ងៃចន្ទសប្ដាហ៍នេះ លើកឡើងជាថ្មីម្តងទៀត ឲ្យធ្វើឲ្យមានដំណើរវិវត្តរីកចម្រើន ក្នុងរឿងសិទ្ធិមនុស្ស។

លោក Antony Blinken និងព្រះអង្គម្ចាស់ Faisal bin Salman al-Saud កាលពីខែមុន ធ្លាប់បានពិភាក្សាគ្នាពីសន្តិសុខក្នុងតំបន់ ការវាយប្រហារលើនាវាដឹកប្រេង Mercer Street នៅសមុទ្រអារ៉ាប់ ជាទីដែលទីក្រុងវ៉ាស៊ីនតោន ថ្កោលទោសលើអ៊ីរ៉ង់ និងបញ្ហាក្នុងតំបន់ផ្សេងៗទៀត នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសអាមេរិក។

ក្រៅពីនោះ លោករដ្ឋមន្ត្រីទាំងពីរ ក៏បាននិយាយផងដែរថា លោកពិភាក្សាគ្នាពីការពង្រឹង សហប្រតិបត្តិការសន្តិសុខ ការគាំទ្ររបស់អារ៉ាប៊ីសាអូឌីត សម្រាប់បទឈប់បាញ់គ្នានៅយេម៉ែន និងភាពចាំបាច់ត្រូវ មានចំណាត់ការបន្ទាន់ ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សជាតិ នៅក្នុងប្រទេសយេម៉ែន។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TEXAS NEWS TODAY បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអាមេរិកបានបន្ថែមថា “លោករដ្ឋមន្ត្រីការបរទេស Blinken បានធ្វើការសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់ការវិវត្តក្នុងសិទ្ធិមនុស្ស” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top