រីយ៉ូ ៖ ប្រភពពីក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន ១,២១១ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនឡើង ដល់ ៥៦៤,៧៧៣ នាក់។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះករណីឆ្លង សរុបបានកើនឡើង ដល់ ២០,២១២,៦៤២ករណី បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៣៤,៨៨៥ករណី ត្រូវបានរកឃើញក្នុង រយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
បច្ចុប្បន្នប្រេស៊ីល មានចំនួនអ្នកស្លាប់ ដោយសារជំងឺរាតត្បាត ខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេស ដែលមានករណីឆ្លងធំជាងគេ ទី៣ បន្ទាប់ពី សហរដ្ឋអាមេរិក និងឥណ្ឌា។
ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកឆ្លងថ្មី ដែលបានគ្របដណ្ដប់លើមន្ទីរពេទ្យ ស្ទើតែទាំងស្រុង ដោយអ្នកជំងឺកូវីដ-១៩។
រហូតមកដល់ពេលនេះ ប្រជាជនប្រេស៊ីលជាង ១៥៤ លាននាក់នៅក្នុងប្រទេស បានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូស ដោយមានមនុស្សជាង ៤៦,១ លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ ៕ដោយ ឈូក បូរ៉ា