ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសចាត់វិធានការលើប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តដែលលក់ និងចែកចាយស៊ីមកាត ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។
ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ បានរកឃើញជាក់ស្ដែងជាបន្តបន្ទាប់ថា ក្រុមហ៊ុន វៀតធេល (ខេមបូឌា) និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើសកម្មភាពលក់និងចែកចាយស៊ីមកាតនៅតាមទីតាំង មួយចំនួន ដោយពុំតម្រូវឲ្យមានឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។ សកម្មភាពនេះបង្ហាញឲ្យឃើញ នូវការបន្តអនុវត្តផ្ទុយនឹងសារាចរអន្តរក្រសួង និងសេចក្ដីណែនាំរបស់ ក្រសួងប្រៃសណីយ៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា «ដើម្បីពង្រឹងសណ្តាប់ធ្នាប់លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិតាមរយៈការទប់ស្កាត់ការប្រើប្រាស់ ស៊ីមកាតដែលមិនមានឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ ក្រសួង សូមជម្រាបជូនសាធារណជន អំពីការចាត់វិធានការ លើប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងពីរ ដោយតម្រូវឲ្យបញ្ឈប់ជាបន្ទាន់នូវការលក់ និងចែកចាយស៊ីមកាតដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ តាមគ្រប់រូបភាព ឬមធ្យោបាយ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។
ក្រសួងបានបញ្ជាក់ថា ក្នុងករណីជនទុច្ចរិតទិញស៊ីមកាតមិនមានឯកសារសម្គាល់អត្តសញ្ញាណពីក្រុមហ៊ុន ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ទោះបីក្រុមហ៊ុនមិនបានប្រព្រឹត្តក៏ដោយ នោះមានន័យថា ក្រុមហ៊ុនបានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិត ជាមួយជនទុច្ចរិតដោយប្រយោល។
ក្រសួងបន្តថា ប្រសិនបើប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅតែមិនអនុវត្តតាមការណែនាំទេ ក្រសួងប្រៃសណីយ៍ នឹងចាត់វិធានការ ដូចជា ៖ ព្យួរឬលុបអាជ្ញាបណ្ណប្រតិបត្តិការផ្តល់សេវាទូរសព្ទចល័ត, បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករ, ចាត់វិធានការផ្សេងទៀតស្របតាម មាត្រា៧៨ នៃច្បាប់ស្ដីពីទូរគមនាគមន៍, រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ៕