ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ បដិសេធ ការសម្លាប់ជនស៊ីវិល និងស្នើឲ្យមានការ ស៊ើបអង្កេតឯករាជ្យ

បរទេស ៖ ពួកតាលីបង់ នៅថ្ងៃពុធម្សិលមិញនេះ បានធ្វើការបដិសេធ ចំពោះការវាយប្រហារ ផ្តោតនិងសម្លាប់ជនស៊ីវិល នៅក្នុងអំឡុង ធ្វើប្រតិបត្តិការ វាយលុក ទៅលើកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យ និង ព្យាយាមអះអាង ចំពោះប្រជាជន អាហ្វហ្គានីស្ថានថា “គ្មានផ្ទះសម្បែង ឬក៏ក្រុមគ្រសាង នឹងប្រឈមមុខ ចំពោះការគម្រាមកំហែងណាមួយ ពីភាគីខាងយើងនោះទេ” ។

ពួកសកម្មប្រយុទ្ធឥស្លាម បានចេញសេចក្តីថ្លែងការណ៍មួយ ក្រោយអង្គការ សហប្រជាជាតិ បាននិយាយថា ជនស៊ីវិលជាង១.០០០នាក់ ត្រូវបានស្លាប់បាត់ជីវិត កាលពីខែមុន ហើយគណៈកម្មការអង្គការកាកបាទក្រហមអន្តរជាតិ បាននិយាយថា ចាប់តាំងពីថ្ងៃទី០១ ខែសីហាមក មនុស្សរងរបួសប្រមាណ ៤.០៤២នាក់ ត្រូវបានសម្រាកព្យាបាល នៅពេទ្យចំនួន១៥កន្លែង ។

មន្ត្រីនាំពាក្យពួកតាលីបង់ លោក Suhail Shaheen បាននិយាយក្នុងសេចក្តីថ្លែង ការណ៍ថា ក្រុមរបស់លោក មិនបានផ្តោតគោលដៅ វាយប្រហារលើ ស៊ីវិលណាមួយ ឬក៏ផ្ទះសម្បែងពួកគេនៅក្បែរនោះណាមួយទេ ដោយប្រតិបត្តិការ ត្រូវបានធ្វើឡើងយ៉ាងច្បាស់លាស់ និងប្រុងប្រយ័ត្នខ្ពស់ តែជំនួសមកវិញ លោកបានថ្កោលទោស ចំពោះកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងកងកម្លាំងបរទេស សម្រាប់ការស្លាប់ជនស៊ីវិលនោះ។

គួរបញ្ជាក់ថា កងកម្លាំងប្រយុទ្ធ របស់ពួកតាលីបង់ បានបង្កើនការប្រយុទ្ធ ដើម្បីផ្តួលរំលំរដ្ឋាភិបាល គាំទ្រដោយអាមេរិក ចាប់តាំងពីខែមេសាមក ស្របពេលដែលកង កម្លាំងបរទេស បានចាប់ផ្តើមដកចេញ ក្រោយសង្គ្រាមរយៈពេល២០ឆ្នាំ ហើយក្រុមបះបោរ បានដណ្ដើមយក ទីរួមខេត្តចំនួន៨ កាលពីសប្ដាហ៍មុន បង្កឲ្យមានការភ័យខ្លាច ចំពោះការវិលត្រឡប់ មកកាន់អំណាចវិញនៃក្រុមនេះ ៕ប្រែសម្រួល៖ប៉ាង កុង

To Top