កីឡា

លោក ស សុខា ទទួលបានការគាំទ្រ ជាប្រមុខ សហព័ន្ធប៉េតង់កម្ពុជា អាណត្តិថ្មីបន្តទៀត

ភ្នំពេញ ៖ ទីបំផុតលោក ស សុខា ត្រូវបានគណៈកម្មាធិការ ប្រតិបត្តិផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ឲ្យបន្តដឹកនាំជាប្រមុខ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់អាណត្តិថ្មី ទី៧ ឆ្នាំ២០២១ដល់២០២៥ តាមរយៈមហាសន្និបាត តាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ។

ជាមួយនឹងការបន្តតំណែង ជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ លោក បានប្តេជ្ញា ចិត្តបំពេញ កិច្ចការងារ សម្រាប់អាណត្តិថ្មី សំដៅបម្រើផលប្រយោជន៍ សហព័ន្ធនិងដើម្បីតបស្នង ចំពោះការលះបង់ របស់ថ្នាក់ដឹកនាំ ជំនាន់មុនព្រមទាំងស្វែងរកលទ្ធផលល្អៗ ជោគជ័យថ្មីៗ ជូនជាតិមាតុភូមិកម្ពុជា ជាបន្តទៀត ។

សមាជិកប្រតិបត្តិ អាណត្តិថ្មីនេះ មានចំនួន១៤រូប ក្នុងនោះលោក ស សុខា ដែលជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អមដោយអនុប្រធានចំនួន៥រូប ដូចជា លោក ប៊ូ ជុំសេរី អនុប្រធានទី១ និងអនុប្រធាន៤រូបទៀត លោកអ៊ុក សិទ្ធិជាតិ, លោក ស៊ុម សុជាតិ, អ្នកឧកញ៉ា លាង ឃុន, លោកឧកញ៉ា សុខ ហុង ។ លោក សុខ សប្បាយណាក៏ត្រូវបានទទួលការគាំទ្រឲ្យបន្តធ្វើជា អគ្គលេខាធិការ អមដោយអគ្គលេខាធិការ រងពីររូប គឺឯកឧត្តម ព្រំ ប៊ុណ្ណយី និងកញ្ញា គីន សំណាង លោកណុប ដារ៉ាជាប់ជាអគ្គហិញរញ្ញឹក និងសមាជិក ចំនួន៤រូបផ្សេងទៀត ជាសមាជិកប្រតិបត្តិធម្មតា ។

តាមសេចក្តីប្រកាស ពត៌មាន របស់សហព័ន្ធក្រោយបញ្ចប់ អង្គមហាសន្និបាតនេះ បានបង្ហាញសកម្មភាព និងសមិទ្ធផល ដែលសម្រេចបាន ក្នុងអាណត្តិចាស់ថា សហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា សូមអបអរសាទរចំពោះលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានការបោះឆ្នោតគាំទ្រ ពីអង្គមហាសន្និបាត ជ្រើសរើសជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ដើម្បីបន្តនូវចក្ខុវិស័យ ពីថ្នាក់ដឹកនាំពង្រីកវិសាលភាព និងការអភិវឌ្ឍវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ទៅគ្រប់បណ្តារាជ
ធានី-ខេត្តស្របតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង ដែលទើបទទួលបានការអនុម័តពីអង្គមហាសន្និបាត។បន្ថែមពីនេះបន្តអនុវត្តផែនការមេ
ឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ។

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើម របស់ថ្នាក់ដឹកនាំជំនាន់មុនដែលមាន សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងស្ថាបនិកជាច្រើនរូបទៀត ដែលបានលះបង់ កម្លាំងកាយចិត្ត ពេលវេលាដ៏មមាញឹក និងថវិកាផ្ទាល់ខ្លួន ក្នុងការជំរុញវិស័យកីឡាប៊ូល និងប៉េតង់ រហូតមានភាពល្បីល្បាញ និងការកោតសរសើរលើសកលលោក ដោយទទួលបានការប្រសិទ្ធនាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ថា “កម្ពុជា ជាមហាអំណាចលើប្រភេទកីឡាប៉េ​​​​​​​​​​​​​​​​​​​​​​តង់”​ ។

បច្ចុប្បន្ន ប៊ូល និងប៉េតង់ ជាកីឡាមួយប្រភេទដ៏មានសក្ដានុពល ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីសាធារណជន គ្រប់ស្រទាប់វណ្ណៈ ព្រមទាំងមានសក្តានុពល ក្នុងការដណ្តើមយកនូវមេដាយជូនជាតិមាតុភូមិ គិតត្រឹមឆ្នាំ២០២០ សហព័ន្ធទទួលបានមេដាយ កម្រិតអន្តរជាតិ សរុប ៣៦៩គ្រឿង (មាស ១០៧ ប្រាក់ ១៣១ និងសំរឹទ្ធ ១៣១) ដែលសមិទ្ធផលគួរជាមោទនៈនេះ គឺអាចកើតមានឡើង ពីការជ្រោមជ្រែង និងការត្រួសត្រាយផ្លូវរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងនាមយើង ជាយុវជនជំនាន់ក្រោយ គឺពុំអាចបំភ្លេចនូវស្នាដៃដ៏ឧដុង្គឧត្តមនេះបានឡើយ៕

To Top