ព័ត៌មានជាតិ

រាជរដ្ឋាភិបាល យកខេត្តមណ្ឌលគីរី ជាគោលដៅអេកូចរណ៍ លំដាប់អន្តរជាតិ និងជាខេត្តផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ និងសាច់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាព យកខេត្តមណ្ឌលគីរី ជាគោលដៅអេកូទេសចរណ៍ លំដាប់អន្តរជាតិ និង ជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការ ក្នុងប្រទេស និងទីផ្សារក្រៅប្រទេស ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុម័ត ដាក់ឲ្យប្រើប្រាស់ផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ២០២១-២០៣៥ផងដែរ ។

យោងតាមលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាពេលថ្មីៗនេះ បានឲ្យដឹងថា លក្ខណៈអំណោយផលនៃអាកាសធាតុ ខ្យល់បរិសុទ្ធ ទេសភាពធម្មជាតិ ដ៍ទាក់ទាញ វាលស្មៅបៃតង និងពណ៌មាស ដងទន្លេស្រែពក ធនធានធម្មជាតិ ដ៏សម្បូរបែប ព្រៃឈើ ដែនជម្រកសត្វព្រៃ ទាំង៥ វប្បធម៌បងប្អូន ជនជាតិដើមភាគតិច និងធនធានជាច្រើនទៀត បង្កើតបានជាសក្តានុពល ដ៏ពិសេសសម្រាប់ ការអភិវឌ្ឍវិស័យ ទេសចរណ៍ ខេត្តមណ្ឌលគិរី ពិសេសទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ ដែលមានលក្ខណៈពិសេស ដោយឡែក ខុសប្លែកពីតំបន់ដទៃ ក្នុងប្រទេស និងបណ្តាប្រទេស មួយចំនួនក្នុងតំបន់ ។

សម្ដេចតេជោបន្ដថា ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងដំណាក់កាល កំណើន នៃវដ្ដជីវិតន ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលពោរពេញទៅ ដោយសក្តានុពល សម្រាប់ការអភិវឌ្ឍ នាពេលអនាគត បង្កើត បានជាកាលានុវត្តភាព សត្យានុម័តសម្បូរបែប សម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែម ក្នុងវិស័យទេសចរណ៍ និងអន្តរវិស័យនានាគាំទ្រ ដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ខេត្តមណ្ឌលគិរី ក៍ដូចជាសេដ្ឋកិច្ចជាតិ ទាំងមូលផងដែរ ។

សម្ដេចតេជោ មានប្រសាសន៍ថា «ជាមួយសក្ដានុពលទាំងអស់នេះ និងក្រោមការគិតគូរវែងឆ្ងាយ ទូលំទូលាយ និង គ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាលរៀបចំ និងដាក់ចេញ ផែនការ មេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ដើម្បីជាត្រីវិស័យ ចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ការអភិវឌ្ឍវិស័យ ទេសចរណ៍ ខេត្តមណ្ឌលគិរី ឆ្លើយតបទៅនឹងចក្ខុវិស័យ នៃការអភិវឌ្ឍជាតិក្នុងរយៈពេល (២០២១-២០៣៥) និងបណ្តាឆ្នាំខាងមុខ» ។

សម្ដេចតេជោ បន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាលតម្រង់ទិសការ អភិវឌ្ឍ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ របស់ខេត្តមណ្ឌលគិរី ដោយឈរលើស្ថានភាព ជាក់ស្តែង និងប្រភពធនធានសក្តានុពលសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍វិស័យ ទេសចរណ៍និងអន្តរវិស័យគាំទ្រ ក្នុងក្តីសង្ឃឹមប្រកប ដោយសុទិដ្ឋិនិយមថា ការអភិវឌ្ឍប្រកប ដោយនិរន្តរភាព និងការទទួលខុសត្រូវ នៃវិស័យនេះ នឹងបង្កើតបានជាផល ប្រយោជន៍សេដ្ឋកិច្ច សង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន និងរួមចំណែកដល់ការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងរក្សាបាននូវអត្តសញ្ញាណ ដើមរបស់ខេត្ត ។

សម្ដេចតេជោ បញ្ជាក់ថា «រាជរដ្ឋាភិបាល ឯកភាពកំណត់យកខេត្តមណ្ឌលគីរី ជាគោលដៅអេកូទេស ចរណ៍លំដាប់ អន្តរជាតិ និង ជាខេត្តដ៏សំខាន់ ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការ ក្នុងប្រទេសនិងឈានដល់ ការនាំចេញទៅទីផ្សារក្រៅប្រទេស»៕

To Top