នយោបាយ

លោក សយ សុភាព ផ្ដាំ អ្នកនយោបាយអាមេរិកនិយម និងសកម្មជនគាំទ្រ មើលឱ្យច្បាស់ ពីទង្វើរបស់ អាមរិក លើប្រទេស អាហ្វហ្គានីស្ថាន

ភ្នំពេញ៖ លោក សយ សុភាព អគ្កនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ដាំផ្ញើរទៅកាន់ អ្នកនយោបាយអាមេរិកនិយម និងសកម្មជនគាំទ្រ មើលឱ្យច្បាស់ពីទង្វើរបស់សហរដ្ឋអាមរិក ក្រោយដកកងទ័ព ពីប្រទេសអាហ្វហ្គានីស្ថាន។

លោក សយ សុភាព លើកឡើងបែបនេះ ក្រោយពីមានការចុះផ្សាយថា អាមេរិកនិងចក្រភពអង់គ្លេស សម្រេចជម្លៀសបុគ្គលិកស្ថានទូត របស់ខ្លួន ហើយបញ្ជូនកងទ័ពទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន ខណៈពួកតាលីបង់ ដណ្ដើមបានទីក្រុង Kandahar និងទីក្រុងHerat ដែលជាទីក្រុងធំលំដាប់ទី២ និងទី៣ របស់ប្រទេសអាហ្វហ្គានីស្ថាន។

នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «សូមអ្នកនយោបាយអាមេរិកនិយម និង សកម្មជនគាំទ្រ មើលឱ្យច្បាស់ទង្វើរបស់អាមេរិក។ សូមកុំចម្លងបែបនេះ ឱ្យសោះចូលមកស្រកខ្មែរម្តងទៀត។ លើកនេះខ្មែរមិនយោគយល់ទេ ព្រោះខ្មែររងគ្រោះ ដោយសារអាមេរិក ច្រើនដងហើយ។ ស្គាល់ហើយរសជាតិ ប្រជាធិបតេយ្យបីសាច សិទ្ធិមនុស្សសំឡុតដោ យចុងកាណុង ពហុបក្សបដិវត្តន៏ព៌ណ»។

គួររំលឹកផងដែរថា ប្រទេសកម្ពុជា ធ្លាប់បានរងគ្រោះ រួចមកហើយ នូវទង្វើខ្វះការទទួលខុសត្រូវ ពីសំណាក់ប្រទេសមហាអំណាចមួយនេះ នៅក្នុងសម័យ លន់ នល់ ដោយរត់ចោលកម្ពុជា ទុកឱ្យប្រជាពលរដ្ឋខ្មែរ ធ្លាក់ចូលក្នុងរបបវាលពិឃាត ខ្មែរក្រហម នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ។

ដោយឡែក ក្រឡេកមកមើលបច្ចុប្បន្ន ប្រទេស អាហ្វហ្គានីស្ថាន បាននឹងកំពុងឈានដល់ភាពច្របូកច្របល់ ទូទាំងប្រទេស ដោយរងការវាយប្រហារកាន់កាប់ខេត្ត និងទីក្រុងមួយចំនួនធំ ពីសំណាក់ក្រុមតាលីបង់ ក្រោយពីរដ្ឋបាលលោក ចូ ប៉ៃដិន បានប្រកាសដកកងទ័ព សហរដ្ឋអាមេរិក ឱ្យអស់ពីក្នុងប្រទេសដែលមានសង្រ្គាមដ៏រ៊ាំុរ៉ៃមួយ នេះ។

To Top