បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក Muhyiddin Yassin នៅថ្ងៃចន្ទនេះ បានលាឈប់ពីតំណែង ក្រោយមានភាពចលាចលនយោបាយ អស់រយៈពេលជាច្រើនខែកន្លងមក ប៉ុន្តែការលាឈប់ពីតំណែងរបស់លោកនេះ ហាក់បើកទំព័រថ្មីមួយទៀតនៃអស្ថិរភាព ដោយគ្មានអ្នកស្នងតំណែងជាក់លាក់។
នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការចុះចេញពីតំណែងរបស់លោក Muhyiddin Yassin នេះ ជាការបញ្ចប់នូវការកាន់តំណែងដ៏ច្របូកច្របល់រយៈពេល១៧ខែ ដែលជាពេលដ៏ខ្លីបំផុតនៃមេដឹកនាំម៉ាឡេស៊ី។
លោក Muhyiddin Yassin បានមានប្រសាសន៍ថា លោកបានលាឈប់ពីតំណែងរួមជាមួយគណៈរដ្ឋមន្ត្រីមនរបស់លោក ក្រោយបាត់បង់ការគាំទ្រភាគច្រើននៅក្នុងរដ្ឋសភា ហើយលោកបន្ថែមថា លោកនឹងមិនមានគណៈរដ្ឋមន្ត្រី ប៉ុន្តែនឹងបំពេញមុខងារប្រតិបត្តិ និងថ្វាយយោបល់ដល់ព្រះមហាក្សត្រ រហូតនាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។
នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលថ្មី នឹងអាចបង្កើតឡើងភ្លាមៗ ដូច្នោះរដ្ឋបាលនៃប្រទេសនេះ នឹងមិនត្រូវបានរំខាន។ រយៈពេលពីរខាងមុខ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយយើងរំពឹងថា នឹងទទួលបានភាពស៊ាំក្នុងសហគមន៍ នៅក្នុងខែតុលា”។
គួរបញ្ជាក់ថា ករណីឆ្លងជម្ងឺកូវីដ១៩និងករណីស្លាប់ក្នុងមួយលាននាក់ នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវគេចាត់ថ្នាក់ថា មានកម្រិតខ្ពស់បំផុតនៅក្នុងតំបន់ ក្នុងពេលមានជម្ងឺឆ្លងរាតត្បាតនាពេលបច្ចុប្បន្ន៕ប្រែសម្រួល៖ប៉ាង កុង