ភ្នំពេញ ៖ លោកស្រី Li Ailan ប្រធានអង្គការ សុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានថ្លែងថា បើគ្មានការចូលរួម និងផ្ដល់អំណាចដល់បុគ្គល គ្រួសារ និងសហគមន៍ទេ មិនអាចទទួលបានជោគជ័យ ក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩ឡើយ ។
ក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពីការរៀបចំផែនការ សម្រាប់អនុវត្តសកម្មភាព ចូលរួមរបស់ សហគមន៍ក្នុងការការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកស្រី Li Ailan បានឲ្យដឹងថា គោលដៅរួមរបស់ WHO ដើម្បីធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការចម្លង និងជួយសង្គ្រោះជីវិត និងកាត់បន្ថយផល ប៉ះពាល់ដល់សង្គមជាតិ ពីជំងឺកូវីដ-១៩។
លោកស្រីមានប្រសាសន៍ថា «យើងបានរៀនសូត្រជាច្រើន ក្នុងរយៈពេល១៩ខែ កន្លងមកនេះ។ យើងដឹងថា ការចូលរួមរបស់សហគមន៍ គឺជាគន្លឹះនៅក្នុងការឆ្លើយតបទៅនឹងបញ្ហាសង្គម និងសុខភាពសាធារណៈ។ បើគ្មានការចូលរួម និងផ្ដល់អំណាចដល់បុគ្គល គ្រួសារ និងសហគមន៍ទេ នោះយើងមិនអាចទទួលបានជោគជ័យ ក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩បានឡើយ»។
លោកស្រីបញ្ជាក់ថា ជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ដល់សុខមាលភាព ផ្នែករាងកាយ ផ្លូវចិត្ត អារម្មណ៍ និងផ្នែកសង្គមរបស់ប្រជាជនទាំងមូល ។ លោកស្រីថា ក្នុងពេលជាមួយគ្នានេះ ជំងឺកូវីដ-១៩ ក៏ប៉ះពាក់ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល សេដ្ឋកិច្ច និងបរិស្ថាន ផងដែរ។ ដូច្នេះ ត្រូវពង្រឹងភាពជាដៃគូ ដែលមានស្រាប់ និងបង្កើតភាពជាដៃគូថ្មី ដើម្បីឈានទៅដល់ និងចូលរួមជាមួយ នឹងបណ្តាញ សហគមន៍កាន់ តែទូលំទូលាយ ដើម្បីបង្កើនទំនុកចិត្ត របស់តំណាងសហគមន៍ សហគមន៍ និងប្រជាពលរដ្ឋងាយរងគ្រោះ។
លោកស្រីបន្ដទៀតថា ពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ច សហគមន៍ ដែលមានស្រាប់ ដើម្បីប្រើប្រាស់យន្តការប្រកប ដោយភាពច្នៃប្រឌិត ដែលមានស្រាប់ និងកសាងសម្ថភាព ភាគីពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញការ ចូលរួមផ្តល់អំណាច និង គាំទសហគមន៍ នៅក្នុងការងារ ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ លោកស្រី បន្ថែមថា ការបង្កើនតួនាទីដ៏សំខាន់ របស់បុគ្គលិកថែទាំ សហគមន៍នៅក្នុងការងារ ជំរុញការចូលរួមរបស់សហគមន៍ ដូចជានៅក្នុងការងារ តាមដានជំងឺ និងការប្រមូលទិន្នន័យ ការត្រៀមខ្លួន និងការងារឆ្លើយតបនឹងជំងឺកូវីដ១៩ ដូចជាការធ្វើចត្តាឡីស័កជាដើម ដោយប្រើប្រាស់ វិធីស្រាស្ត្រផ្អែកលើការចូលរួម របស់សហគមន៍។
សូមរំលឹកថា គិតថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨៦,៥៩៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៨១,៩១៨នាក់ និងអ្នកស្លាប់ ចំនួន១,៧១៨នាក់៕