ភ្នំពេញ ៖ ក្នុងស្មារតីគាំទ្រ ដោយស្មោះស្ម័គ្រ ចំពោះវរជនអាវស ក្រុមហ៊ុនមីជាតិ បានបន្តឆន្ទៈចែករំលែកក្រោម គម្រោង “ខ្មែរដើម្បីខ្មែរ” ក្នុងយុទ្ធនាការ ពាំនាំជំនួយគាំទ្រ និងថ្នាំសង្កូវ ជូនដល់មន្ទីរសុខាភិបាល និងមណ្ឌលព្យាបាលកូវីដ១៩ ខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបង ចំនួន៦កន្លែង ដែលកំពុងប្រឈម នឹងការរីករាលដាល នៃជំងឺកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មី ឌែលតា កាលពីថ្ងៃទី១៦ និង១៧ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ ។
លោក ជុងហៀង ថាវសិទ្ធិ អនុប្រធានធុរៈកិច្ច នៃក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា ការពាំនាំអំណោយនៅថ្ងៃនេះ គឺស្ថិតនៅក្រោមគម្រោង “ខ្មែរដើម្បីខ្មែរ” ដែលជាគំនិតផ្តួចផ្តើម ក្នុងការឆ្លើយតបបន្ទាន់ ទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ សកម្មភាព នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនេះ ជាជំហានថ្មីមួយទៀត របស់ក្រុមហ៊ុន ក្នុងការជួយសម្រួលការលំបាក របស់កងទ័ពអាវស និងបងប្អូនពលករ នៅតាមបណ្តាលខេត្តជាប់ព្រំដែន ដែលកំពុងមានការរីករាលដាលខ្លាំង នៃវីរ៉ុសកូវីដ១៩ បំប្លែងខ្លួនថ្មីឌែលតា ។
លោកបានបន្តថា ជាការពិតណាស់ ការអនុវត្តគម្រោងនេះ តម្រូវឲ្យក្រុមការងារ ចុះទៅដល់មណ្ឌលនីមួយៗ ដើម្បីបានជួបផ្ទាល់ជា មួយក្រុមការងារជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ យ៉ាងសកម្មប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សកម្មភាពរបស់ ក្រុមហ៊ុនមីជាតិ ជាកាយវិការដ៏ប្រពៃ ដែលវិស័យឯកជន ចូលរួមសម្រាលទុក្ខលំបាករបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមគាំទ្រផ្តល់ជាកម្លាំងចិត្ត និងធនធានជាសម្ភារ ដល់ប្រតិបត្តិការ របស់ក្រុមគ្រូពេទ្យជួរមុខ ។
លោកបានបន្ថែមទៀតថា អំណោយទាំងនេះ នឹងត្រូវបានចែកជូនបន្តដល់បងប្អូន អ្នកជំងឺដែលជាពលករ ក៏ដូចជាក្រុមគ្រូពេទ្យជួរមុខ នៅតាមមណ្ឌល ព្យាបាលក្នុងខេត្តបន្ទាយមានជ័យ ។
មកកាន់ខេត្តបាត់ដំបង លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង ជួសមុខឲ្យមន្ត្រី រាជការជុំវិញ មន្ទីរសុខាភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាព របស់ក្រុមហ៊ុន ដែលឆ្លើយតបបន្ទាន់ និងគាំទ្រ ដល់ក្រុមការងារជួរមុខ ដែលកំពុងប្រយុទ្ធយ៉ាងសកម្ម ក្នុងការព្យាបាល បងប្អូនប្រជាពលករជាច្រើននាក់ ដែលកំពុងសម្រាកព្យាបាលទូទាំងខេត្ត ។
លោកបានបន្តថា អំណោយនេះ គឺជាការគាំទ្រ ដ៏ប្រពៃ ចំពោះខ្មែរដូចគ្នា ដែលអាចធ្វើបានក្នុងគ្រាមានអាសន្ននេះ។ ខេត្តបាត់ដំបង ក៏ដូចជាបណ្តារខេត្ត ដែលជាប់បណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងមានការប្រឈមនឹងការឆ្លង នៃជំងឺកូវីដ១៩ ទាំងឆ្លងក្នុងសហគមន៍ និងករណីនាំចូល រហូតមកដល់ពេលនេះ នៅខេត្តបាត់ដំបង មិនមានឃុំ ឬ ស្រុកណាមួយពុំមាន ករណីឆ្លងនោះទេ ។
លោក ជុងហៀង ថាវសិទ្ធិ បានបន្តថា ក្នុងនាមវិស័យឯកជន សូមលើកទឹកចិត្តក្រុមហ៊ុន សហគ្រាសចូលរួមការចែករំលែក តិចក្តីច្រើនក្តី ដែលនេះ ជាកាយវិការដ៏ប្រពៃ ក្នុងនាមប្រជាជាតិតែមួយ រួមសុខរួមទុក្ខក្នុងកាលៈទេសៈដ៏លំបាករួមគ្នា ដើម្បីយកឈ្នះ ជំងឺដ៏កាច សាហាវ មួយនេះទាំងអស់គ្នា ។
ការចែកអំណោយមួយជុំនេះ ក្រុមហ៊ុនមីជាតិបាន ពាំនាំនូវស្បៀងអាហាររូមមាន មីជាតិ ទឹកពិសាវីតាល់ ជាច្រើនកេស និងថ្នាំសង្កូវមួយចំនួនធំ ជូនដល់ មន្ទីរសុខាភិបាលខេត្តទាំងពីរ និងមណ្ឌលព្យាបាល ចំនួន៤កន្លែងផ្សេងទៀត រួមមាន មណ្ឌលព្យាបាលកងវ៉ា មណ្ឌលព្យាបាល ហ៊ុនសែនខ្លាកូន ក្នុងខេត្តបន្ទាយមានជ័យ មណ្ឌលព្យាបាលវិទ្យាល័យមុន្នីវង្ស និងមណ្ឌលព្យាបាលកម្រិតស្រាល និងធ្ងន់ វិទ្យាល័យសម្តេចឪ ក្នុងខេត្តបាត់ដំបង៕