ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ល្បឿនការងារប្រមូលផលស្រូវស្រាល នាដើមរដូវវស្សាឆ្នាំ២០២១ បានចំនួន៣០២ ៣៣៧ហិកតា ដោយទទួលបានបរិមាណផល ចំនួន១ ២៦៧ ៧៩១ តោន។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន បានថ្លែងថា «ការងារប្រមូលផលស្រូវស្រាល ដើមរដូវសម្រេចបានចំនួន ៣០២ ៣៣៧ហិកតា លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៨៩០ ៦៤៥ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ១ ២៦៧ ៧៩១តោន លើសឆ្នាំមុន ៧៨៩ ១៥១តោន។ ទិន្នផលគិតជាមធ្យម ៤,១៩៣តោន ក្នុង១ហិកតា»។
ដោយឡែក លទ្ធផលការងារបង្កបង្កើនផលដំណាំរដូវវស្សាឆ្នាំ២០២១ គិតត្រឹមថ្ងៃទី១៩ សីហា ក្នុងនោះរួមមាន ៖ លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២ ៧០១ ១៨៩ហិកតា។ លទ្ធផលស្ទូង និងព្រោះសម្រេចបានចំនួន ២ ៦៥៨ ៧៥៦ហិកតា ស្មើនឹង ១០១,៩០% នៃផែនការ២ ៦០៩ ០៦៥ហិកតា លើសឆ្នាំមុន ២០៦ ៨៧០ហិកតា។
ជាងនេះទៅទៀត ល្បឿនការងារបង្កបង្កើនផលដំណំាសាកវប្បកម្ម និងដំណំាឧស្សាហកម្មរដូវវស្សា ឆ្នាំ២០២១ អនុវត្ដបានចំនួន ៥១ ៥៣៧ហិកតា ស្មើនឹង ៩៥,៦៦% នៃផែនការ ៥៣ ៦៨៦ហិកតា តិចជាងឆ្នាំមុន ១៦៥ហិកតា។
ចំពោះស្ថានភាពប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ លោក វេង សាខុន លើកទៀតថា គិតត្រឹមថ្ងៃទី១៨ សីហា ដំណាំស្រូវនៅខេត្តចំនួន៤ រួមមាន ៖ ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងសៀមរាប បានបន្តរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត។ ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបចំនួន ៦៧ ៩៤២ហិកតា ស្មើនឹង ២,៥៦% នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស។ តាមការវាយតម្លៃ ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងសៀមរាប ផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន ១០ ៥៥៣ហិកតា និងស្តារបានចំនួន ២ ៣៧៦ហិកតា ៕