ភ្នំពេញ៖ នាយកដ្ឋានអធិការកិច្ចសន្តិសុខសង្គម នៃ ប.ស.ស. ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការធ្វើបច្ចុប្បន្នភាពការងារជំនាញ អធិការកិច្ចសន្ដិសុខសង្គម” ដើម្បីបង្កើនសមត្ថភាព ចែករំលែកចំណេះដឹងថ្មីៗទាក់ទងទៅនឹង បច្ចុប្បន្នភាពការងារអធិការកិច្ច សន្ដិសុខសង្គម ជូនដល់មន្រ្តីបច្ចេកទេស និងបុគ្គលិកជំនាញរបស់ខ្លួន តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។
លោក ម៉េង ហុង អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ បានថ្លែងថា៖ ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ជូនដល់មន្រ្តីបច្ចេកទេស និងបុគ្គលិកជំនាញដែលទទួលបន្ទុកលើកិច្ចការងារ អធិការកិច្ចសន្ដិសុខសង្គម បានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅអំពីការងារជំនាញរបស់ខ្លួន ក្នុងការបំពេញកិច្ចការជូនអង្គភាព ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកអគ្គនាយករង ក៏បានពាំនាំនូវការផ្ដាំផ្ញើពីសំណាក់ លោក អគ្គនាយក ប.ស.ស. ឱ្យមន្រ្តីបច្ចេកទេស និង បុគ្គលិកជំនាញ ដែលទទួលបន្ទុកលើកិច្ចការងារ អធិការកិច្ចសន្ដិសុខសង្គមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រក្នុងវគ្គបណ្តុះបណ្តាល ដ៏សំខាន់មួយនេះ ដើម្បីស្រូបយកចំណេះដឹង ក្នុងការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ និងខិតខំបន្ដអនុវត្ដទិសដៅការងារ ពិសេសការងារអធិការ កិច្ចសន្តិសុខសង្គម ដោយខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ប្រកបដោយភាពទន់ភ្លន់ ដោយផ្អែកលើទិដ្ឋភាពច្បាស់លាស់ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.៕