ស្វាយរៀង ៖លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់ផ្លែមៀន (តាង៉ែន) ចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។
លោកស្រីបានមានប្រសាសន៍ថា ៖ ការប្រគល់នូវផ្លែមៀន (តាង៉ែន) នេះគឺស្របតាមការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេច តេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស ដើម្បីចូលរួមដោះស្រាយ ជូនប្រជាកសិករ ដែលកំពុងជួបបញ្ហាទីផ្សារ។
លោកស្រីក៏បានបន្តទៀតថា បើទោះបីជាស្ថានភាពឆ្លងក្នុងមួយរយៈពេល ចុងក្រោយនេះបានធ្លាក់ចុះយ៉ាងណាក៏ដោយ លោកស្រីបានស្នើរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តតាម វិធានការណ៍របស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ៕