តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉ាស៊ី បានទាមទារឱ្យជប៉ុនរំដោះទ្រព្យសម្បត្តិរបស់ខ្លួន ដែលជាប់គាំងនៅក្នុងធនាគារជប៉ុន នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ីរ៉ង់ បានឲ្យដឹងថា“ ការពន្យារពេលនៃការបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ នៅក្នុងធនាគារជប៉ុន មិនអាចត្រូវបានរាប់ជាសុចរិតនោះទេ” ។
ទ្រព្យសម្បត្តិចំនួន ៣ ពាន់លានដុល្លារអាមេរិករបស់អ៊ីរ៉ង់ ភាគច្រើនបានមកពីការនាំចេញប្រេងនិងឧស្ម័ន ត្រូវបានបង្កកនៅក្នុងធនាគារជប៉ុនចាប់តាំងពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយឯកតោភាគីនិងដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ និងភាគីទីបីណាមួយ ដែលទាក់ទងនឹងប្រព័ន្ធធនាគារអ៊ីរ៉ង់។
ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក អ៊ីរ៉ង់បានបញ្ឈប់ការអនុវត្តបន្តិចម្តង ៗ នូវផ្នែកខ្លះនៃការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងនេះចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ ហើយកិច្ចចរចាជុំទី ៦ នៅទីក្រុងវីយែនចន្លោះខែមេសា និងមិថុនា រហូតមកដល់ពេលនេះ ត្រូវបរាជ័យក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងនេះ មានជីវិតរស់ឡើងវិញ។
ថ្លែងអំពីស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថានជិតខាងប្រធានាធិបតីអ៊ីរ៉ង់លោក រ៉ាស៊ី បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន និងប្រទេសដទៃទៀតនៅក្នុងតំបន់ ដើម្បីជួយបង្កើតសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសអាស៊ី និងក្នុងតំបន់។
ចំណែកលោក Motegi បានអបអរសាទរលោក រ៉ាស៊ី ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ និងបានបង្ហាញពីចំណាប់អារម្មណ៍របស់ជប៉ុន ក្នុងការអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសអ៊ីរ៉ង់ផងដែរ៕
ដោយ ឈូក បូរ៉ា