ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានអំពាវនាវឲ្យប្រទេសជាមិត្តដែលកំពុងនៅកម្ពុជា និងក្រៅប្រទេស ចូលរួមសហការ ក្នុងការវិនិច្ឆ័យទោសលោក រ៉ុង ឈុន ទាំងអស់គ្នា ។
លោក រ៉ុង ឈុន និងសកម្មជនសិទ្ធិមនុស្ស២នាក់ទៀត កាលពីថ្ងៃ១៨ សីហា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងបទ “ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធការជ្រៀតជ្រែកកិច្ចការងារព្រំដែនកម្ពុជា-វៀតណាម និងបង់ប្រាក់១០ម៉ឺនដុល្លារដល់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ ក្រោយការកាត់ទោសលោក រ៉ុង ឈុន ភ្លាមៗ ស្ថានទូតអាមេរិក អង់គ្លេស បារាំង និងអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានបង្ហាញការមិនពេញចិត្ត និងការបារម្ភជាដើម ហើយពួកគេក៏បានលើកឡើងស្រដៀងគ្នាពីឯករាជ្យភាពតុលាការ និងការបញ្ចេញមតិនៅកម្ពុជាផងដែរ ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃ២១ សីហា លោក ផៃ ស៊ីផានបានតបថា មានក្រុមសកម្មជនតាំងខ្លួនជាសង្គមស៊ីវិលបានបញ្ចេញយោបល់បន្ទរ តាមបរទេសអគតិនិយម ក្នុងទិសដៅជ្រៀតជ្រែកឯករាជ្យភាពរបស់តុលាការកម្ពុជា ក្នុងកិច្ចវិនិច្ឆ័យក្តី លើសំណុំរឿងរបស់លោក រ៉ុង ឈុន ។
លោកថា តុលាការវិនិច្ឆ័យក្តីនោះ ដោយផ្អែកលើមូលដ្ឋានអង្គហេតុ និងអង្គច្បាប់ដែលបុគ្គលរូបនោះ បានប្រព្រឹត្តិអំពើផ្ទុយពីច្បាប់កម្ពុជាដែលបានហាមប្រាម និងបញ្ញត្តិជាធរមាន។ កង្វល់អាទិភាពបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺថែរក្សាសន្តិភាព និងសន្តិសុខជាតិ។
លោកសង្កត់ធ្ងន់ថា “ហេតុដូចនេះ ខ្ញុំសូមអំពាវនាវដល់បណ្ដាមិត្តបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្តី ឬនៅឯនាយសមុទ្រក្តី សូមមេត្តាចូលរួមសហការជាមួយប្រជាពលរដ្ឋកម្ពុជា ការវិនិច្ឆ័យក្តីនេះ ស្ថិតនៅក្នុងនាម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ក្នុងកិច្ចប្រឹងប្រែងថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខជាតិដែលជាសេចក្តីប៉ងប្រាថ្នា និងតម្រូវការចាំបាច់របស់យើងទាំងអស់គ្នា” ៕