បរទេស៖ កាសែត Bundeswehr របស់អាល្លឺម៉ង់បានផ្សាយថា សមាជិកកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានម្នាក់ ត្រូវបានសម្លាប់ ហើយ៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាញ់ប្រហារគ្នា នៅអាកាសយានដ្ឋានអន្តរជាតិ កាប៊ុល នៅថ្ងៃទី ២៣ ខែសីហា។ យោងតាមមន្រ្តីអាល្លឺម៉ង់ បានឱ្យដឹងថា កងកម្លាំងអាមេរិក និងអាឡឺម៉ង់ បានចូលរួមនៅក្នុងការបាញ់ប្រហារគ្នានេះដែរ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់ បញ្ជាការប្រតិបត្តិការ កងកម្លាំងចម្រុះអាល្លឺម៉ង់ បាននិយាយនៅលើ Twitter ថា « នៅព្រឹកនេះវេលាម៉ោង ៤ និង១៣ នាទីព្រឹក មានការបាញ់ប្រហារគ្នា ទៅវិញទៅមក បានផ្ទុះឡើងរវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងអ្នកវាយប្រហារមិនស្គាល់មុខ នៅច្រកទ្វារខាងជើង អាកាសយានដ្ឋានកាប៊ុល។ សមាជិកម្នាក់នៃកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន បានស្លាប់ និងបីនាក់ផ្សេងទៀត »។
រដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធ អង់គ្លេសលោក James Heappey បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កងកម្លាំងនិងជនជាតិអង់គ្លេស មិនបានចូលរួមក្នុងការបាញ់កាំភ្លើង នៅអាកាសយានដ្ឋានកាប៊ុលកាលពីថ្ងៃទី ២៣ ខែសីហាទេ។
សូមជម្រាបថា ភាពវឹកវរនៅជិតអាកាសយានដ្ឋាន អន្តរជាតិ កាប៊ុលកំពុងកើតឡើង ខណៈដែលមនុស្ស កាន់តែច្រើនឡើង ៗ កំពុងព្យាយាមភៀសខ្លួនចេញ ពីប្រទេស អាហ្វហ្គានីស្ថាន ។ នៅថ្ងៃទី ២២ ខែសីហាជនជាតិ អាហ្វហ្កានីស្ថានយ៉ាងតិច ៧ នាក់បានស្លាប់ដោយសារការ ភ័យស្លន់ស្លោរបស់មនុស្ស ដែលព្យាយាមចូលព្រលានយន្តហោះ ៕ប្រែសម្រួលៈ ណៃ តុលា