ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា ចិន បានក្លាយជាប្រទេស ឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេស ចិនចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង ចំនួន ១០ម៉ឺនដូស ពីសមាគមជាតិកាកបាទក្រហមចិន នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា «ក្នុងក្របខណ្ឌសកល សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងការផ្តល់វ៉ាក់សាំង ដោយមិនប្រកាន់និន្នាការទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេស បាននិងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ»។
សម្ដេចបានបន្ដថា ទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ មិនអាចប្រកែកបាន អំពីសន្តានចិត្តមនុស្សធម៌ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ប្រទេសចិន ជាពិសេស ស័ក្ដិសមជាប្រទេសមហាអំណាចមួយ ដែលមានភាពជាអ្នកដឹកនាំច្បាស់លាស់។ សម្ដេចថា សម្រាប់កម្ពុជា ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មិត្តចិន តែងតែនឹករលឹកដល់កម្ពុជា និងខិតខំជួយកម្ពុជាតាមគ្រប់រូបភាព ក្នុងការធានានិរន្តភាពកិច្ចអភិវឌ្ឍសង្គម ដោយឈរលើចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
ជាងនេះទៅទៀត សម្តេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាមទារឲ្យមានការចូលរួម និងសហការយ៉ាងស្អិតរមួត ពីភាគីពាក់ព័ន្ធទាំងអស់។ ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា ប្តេជ្ញាបន្តខិតខំចូលរួម និងសហការជាមួយនឹងរាជរដ្ឋាភិបាល ឲ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាមសហគមន៍ឲ្យអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីសុខភាពល្អរបស់គ្រួសារមួយ សហគមន៍មួយ និងសង្គមជាតិទាំងមូល។
ជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេស «វិធានការ ៣-កុំ និង ៣-ការពារ» និង សូមមាតាបិតា និងអាណាព្យាបាលនាំកូនៗ និង ក្មួយៗ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការមិនទុកឱ្យមានប្រជាជនកម្ពុជាណាម្នាក់ មិនបានចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់ខ្លួននោះឡើយ ក្នុងគោលបំណងការពារសុវត្ថិភាព សុខភាព ក៏ដូចជាសុខុមាលភាពរបស់គ្រួសារ សហគមន៍ និង សង្គមជាតិទាំងមូល៕