បរទេស៖ នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន គឺផ្តោតអារម្មណ៍លើការជម្លៀសពលរដ្ឋអាមេរិក និងជំនួយការអាហ្វហ្គានីស្ថាន ដែលនៅសេសសល់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលពួកតាលីបង់រឹតបន្តឹងលើប្រទេសនេះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោកស្រីប្រធានាធិបតីអាមេរិករូបនេះ បានធ្វើការថ្លែងយ៉ាងដូច្នោះ នៅក្នុងអំឡុងធ្វើសន្និសីទកាសែតរួមគ្នាមួយ ជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។
នៅក្នុងសន្និសីទកាសែតនោះ លោកស្រី Harris បានមានប្រសាសន៍យ៉ាងដូច្នេះថា “នាពេលបច្ចុប្បន្ននេះ យើងកំពុងតែផ្តោតសំខាន់តែម្យ៉ាង លើការជម្លៀសពលរដ្ឋអាមេរិក ជនជាតិអាហ្វហ្គានីស្ថានដែលធ្វើការងាជាមួយយើង និងពលរដ្ឋអាហ្វហ្គានីស្ថានដែលងាយរងគ្រោះ រួមមានស្ត្រីនិងកុមារ”។
គួរបញ្ជាក់ថា លោកស្រី Harris កំពុងស្ថិតក្នុងការធ្វើដំណើរទស្សនកិច្ចដំបូងមកកាន់តំបន់អាស៊ី ក្នុងនាមជាអនុប្រធានាធិបតីអាមេរិក ហើយលោកស្រីនិងនាយករដ្ឋមន្ត្រីសិង្ហបុរី បានជួបពិភាក្សាគ្នាពីបញ្ហានានា ពាក់ព័ន្ធរឿងបម្រែបម្រួលអាកាសធាតុ ជម្ងឺ កូវីដ១៩ និងក្តីព្រួយបារម្ភពាក់ព័ន្ធសង្វាក់ផ្គត់ផ្គង់ ប៉ុន្តែលោកស្រីបានធ្វើការកត់សម្គាល់ ថា ប្រទេសអាហ្វហ្គានីស្ថាន គឺជាអាទិភាពចម្បងនៅក្នុងពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួល៖ប៉ាង កុង